Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងធនធានទឹក៖ កម្ពុជាបន្ដទទួលឥទ្ធិពលព្យុះទី២០ ឈ្មោះ ខាណុន ចាប់ពីថ្ងៃទី១៥-១៩ ខែតុលា ដែលនាំឲ្យភ្លៀងធ្លាក់រាយប៉ាយ អាចបង្កឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែង

13-10-2017 18:16

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងធនធានទឹក លោក លឹម គានហោ បានចេញសេចក្ដីជូនដំណឹង ពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុ នៅប្រទេសកម្ពុជា ដោយចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលឥទ្ធិពលព្យុះទី២០ ឈ្មោះ ខាណុន ដែលនាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយ អាចបង្កឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែងទៀតផង។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋមន្ដ្រីក្រសួងធនធានទឹក នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ បានបញ្ជាក់ថា ព្យុះទី២០ឈ្មោះ ខាណុន ដែលបានវិវត្តន៍ខ្លួនពីសម្ពាធទាប និងកំពុងស្ថិតនៅភាគខាងជើង ប្រទេសហ្វីលីពីន ហើយពេលធ្វើដំណើរដល់សមុទ្រចិនខាងត្បូង នឹងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុង ឆ្ពោះមកទិសខាងលិច ក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង។

បន្ទាប់ពីឆ្លងកាត់កោះហៃណាំ ព្យុះខាណុន នឹងរំកិលខ្លួនចូលទៅឈូងសមុទ្រតុងកឹងរបស់វៀតណាម ហើយបន្ដដំណើរដល់ឆ្នេរប្រទេសវៀតណាមភាគកណ្ដាល នៅយប់ថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០១៧​។

លោករដ្ឋមន្ដ្រី បានបញ្ជាក់ទៀតថា ឥទ្ធិពលព្យុះនេះនឹងធ្វើឲ្យកម្ពុជា បាននិងកំពុងទទួលរងឥទ្ធិពលសម្ពាធទាប នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា នៅតាមរាជធានី-ខេត្តមួយចំនួន ដែលនាំឲ្យភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីបង្គួរទៅច្រើន។ ដោយឡែកតំបន់មាត់សមុទ្រវិញ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើនចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ហើយលើផ្ទៃសមុទ្រ ផ្ទៃមេឃអាប់អួរ ភ្លៀងធ្លាក់ច្រើនខ្យល់បកបោកខ្លាំង និងរលកសមុទ្រខ្ពង់។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងធនធានទឹក សូមអំពាវនាវឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរដែនដីប្រជាពលរដ្ឋ ប្រជានេសាទ និងអ្នកដំណើរតាមសមុទ្រ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចៀសវាងគ្រោះថ្នាក់ផ្សេង ដែលអាចកើតមានឡើងដោយយថាហេតុ។

សូមអានសេចក្ដីជូនដំណឹងលម្អិត របស់រដ្ឋមន្ដីក្រសួងធនធានទឹកខាងក្រោមនេះ៖