(ខេត្តកំពង់ធំ)៖  នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្ដល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ចំនួន ៥១៦ គ្រួសារ ដែលរស់នៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយនេះប្រព្រឹត្តទៅនៅទីតាំង ២ ផ្សេងគ្នា រួមមាន ៖
១-ផែបណ្ដែតទឹកភូមិផាត់សណ្ដាយ សម្រាប់ប្រជាពលរដ្ឋចំនួន ៣៦៧ គ្រួសារ
២- ផែបណ្ដែតទឹកភូមិទួលនាងសាវ សម្រាប់ប្រជាពលរដ្ឋចំនួន ១៤៩ គ្រួសារ

ក្នុងឱកាសសំណេះសំណាលនោះ លោកវេជ្ជ. អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និង នឹករលឹក ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន និងបានផ្ដល់អនុសាសន៍ ដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ ត្រូវចេះថែរក្សាសុខភាពឱ្យបានល្អប្រសើរ ដោយត្រូវរស់នៅស្អាត និងពិសារទឹកឆ្អិនជានិច្ច ជាពិសេសស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់។ មួយវិញទៀត  ត្រូវចេះស្រឡាញ់រាប់អាន យកអាសាគ្នាទៅវិញទៅមក និងជៀសវាងការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងផ្សេងៗ ដែលនាំឱ្យមានអំពើហិង្សាកើតឡើង។  បន្ថែមពីលើនេះទៀត ត្រូវតាមដានព័ត៌មានឧតុនិយមឱ្យបានជាប់ជាប្រចាំ ដើម្បីដឹងពីស្ថានភាពអាកាសធាតុ និងត្រៀមបង្ការបានទាន់ពេលវេលា។

ប្រជាពលរដ្ឋ ដែលមកទទួលផល បានសម្តែងនូវក្តីរំភើបឥតឧបមា និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ជានិច្ចកាលយកព្រះទ័យ និងយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋជួបការលំបាកដោយមិនរើសអើង មិនប្រកាន់វណ្ណៈ ពូជសាសន៍ ព័ណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

អំណោយដែលគ្រួសារនីមួយៗទទួលបានរួមមាន៖ អង្គរ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១៕