(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងជាថ្មី ក្រើនរំលឹកដល់ម្ចាស់មធ្យោបាយដឹកជញ្ជូនទាំងអស់ ដែលមានកាតព្វកិច្ចបង់ពន្ធសម្រាប់ឆ្នាំ២០១៧នេះ សូមរួសរាន់ទៅបង់ពន្ធនេះ ឲ្យទាន់ពេលវេលាកំណត់ ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧។
អគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថា «គិតត្រឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ មានម្ចាស់យានយន្ដភាគច្រើន បានមកប្រកាសបង់ពន្ធរួចរាល់ហើយ ខណៈដែលម្ចាស់យានយន្ដមួយចំនួនទៀត មិនទាន់បានបង់ពន្ធនៅឡើយ។ ដើម្បីជៀសវាងការកកស្ទះ និងការប្រជ្រៀតគ្នា ក្នុងការមកប្រកាសបង់ពន្ធ នៅថ្ងៃជិតផុតកំណត់ អគ្គនាយកដ្ឋានពន្ធដារ សូមក្រើនរំលឹកជាថ្មីដល់ម្ចាស់យានយន្ដ ដែលមិនទាន់បានមកបង់ពន្ធ មេត្តារួសរាន់មកបង់ពន្ធឲ្យទាន់ពេលវេលា កំណត់ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧»។
សេចក្ដីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ក្នុងករណីម្ចាស់យានយន្ដខកខាន មិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្ដនឹងត្រូវទទួលរងនូវទោសទណ្ឌ តាមច្បាប់ស្ដីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារ នឹងសហការជាមួយ
អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះ តាមដងផ្លូវនានាបន្ទាប់ពីបិទបញ្ចប់
ការប្រមូលពន្ធ៕
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់អគ្គនាយដ្ឋានទាំងស្រុង៖