គ.ជ.ប គ្រោងបញ្ចូលចំណេះអំពីការបោះឆ្នោត ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ និងបង្កើតបណ្ណាល័យបោះឆ្នោត
13-10-2017 17:25
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងបញ្ចូលចំណេះដឹងពាក់ព័ន្ធនឹងការបោះឆ្នោត ក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគ្រោងបង្កើតបណ្ណាល័យបោះឆ្នោត ដើម្បីបញ្ជ្រាបចំណេះដឹងអំពីការបោះឆ្នោតនេះដល់អ្នកបោះឆ្នោត សាធារណជន និងសិស្សានុសិស្ស ឲ្យកាន់ជ្រោតជ្រាបថែមទៀត។ នេះបើតាមលោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប។
លោក ហង្ស ពុទ្ធា លើកឡើងបែបនេះ ក្នុងសិក្ខាសាលាលើកទី១ ស្ដីពីការពង្រឹងយុទ្ធសាស្ត្រអប់រំអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅសណ្ឋាគារសាន់វ៉េ នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ដែលចូលរួមសហការជាមួយ EU និងអង្គការ Konrad។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ដើម្បីអប់រំអ្នកបោះឆ្នោតនៅទូទាំងប្រទេសកម្ពុជា ឲ្យកាន់យល់ច្បាស់អំពីការបោះឆ្នោត និងកាតព្វកិច្ចពាក់ព័ន្ធនោះ គ.ជ.ប គ្រោងនឹងធ្វើការងារមួយចំនួន រួមមាន៖
១៖ បង្កើតបណ្ណាល័យបោះឆ្នោត មានទាំងសៀវភៅ និងអាចស្រាវជ្រាវតាមប្រព័ន្ធអេឡិចត្រូនិច។
២៖ បង្កើនគ្រូបណ្ដុះបណ្ដាលសម្រាប់អប់រំអ្នកបោះឆ្នោត និងសាធារណជនទូទៅ។
៣៖ បង្កើតឧបករណ៍សម្រាប់អប់រំអ្នកបោះឆ្នោត និងសាធារណជន។
៤៖ បញ្ចូលចំណេះដឹងបោះឆ្នោតទៅក្នុងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា ជាដើម។
បើតាមអ្នកនាំពាក្យរូបនេះ សិក្ខាសាលានេះ គឺជាការបណ្ដុះបណ្ដាលផ្ទៃក្នុងបន្ថែមដល់មន្ត្រី គ.ជ.ប ឲ្យយល់ដឹងពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ សម្រាប់យកទៅបណ្ដុះបណ្ដាលអប់រំបន្តដល់អ្នកបោះឆ្នោត និងសាធារណជន។ សិក្ខាសាលានេះ មានរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៣-១៤ ខែតុលា ឆ្នាំ២០១៧ ដែលមានសិក្ខាកាមចូលរួមមកពី គ.ជ.ប សរុប៣២នាក់។
សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ៕