(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី បានចេញលិខិតគាំទ្រ និងថ្លែងអំណរគុណ ដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានដាក់ចេញវិធានការថ្មីៗ ដើម្បីលើកទឹកចិត្ត ដល់បងប្អូននារីជាមន្រ្តីរាជការ ស៊ីវិល និងកងកម្លាំងប្រដាប់អាវុធទាំងអស់។

លិខិតរបស់ក្រសួងកិច្ចការនារី បានបន្ថែមថា ការដាក់ចេញវិធានការថ្មីៗនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខរបស់ស្រ្តី និងក្រុមគ្រួសារ និងចូលរួមចំណែក ដោយផ្ទាល់ ក្នុងការលើកកម្ពស់ ជីវភាពរបស់នៅរបស់បងប្អូនស្រ្តីទាំងអស់។

ជាមួយគ្នានោះ ក្រសួងក៏បានថ្លែងអំណរគុណដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញវិធានការចែង ក្នុងគោលនយោបាយ គាំពារសង្គម ដល់បងប្អូនកម្មករ កម្មការិនី ដែលជួយសម្រូលជីវភាពការងារ និងជីវិតរបស់គាត់ និងក្រុមគ្រួសារ។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ចាប់ពីខែមករា ឆ្នាំ២០១៨តទៅ រាជរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តី ដែលជាមន្រ្តីរាជការស៊ីវិល ស្រ្តីដែលជាមន្រ្តីនគរបាល ស្រ្តីដែលជាកងទ័ព នឹងទទួលបានប្រាក់៨០ម៉ឺន សម្រាប់ការឆ្លងទន្លេបានកូនមួយ, កូនភ្លោះពីរទទួលបានប្រាក់១,៦០លានរៀល, កូនភ្លោះបីទទួលបានប្រាក់ ២,៤លានរៀល។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ចាប់ពីឆ្នាំ២០១៨តទៅ ក្នុងមួយឆ្នាំៗការឧបត្ថម្ភសម្រាប់ស្រ្តីឆ្លងទន្លេផ្នែកកម្មករ និយោជិតត្រូវចំណាយប្រមាណ១០លានដុល្លារ និងសម្រាប់ស្រ្តីជាមន្រ្តីរាជការស៊ីវិល និងកងកម្លាំងប្រមាណ២លានដុល្លារ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ស្រ្តីក្នុងក្របខណ្ឌមន្រ្តីរាជការស៊ីវិល នគរបាល និងកងទ័ព មានសរុបប្រមាណ ៩ម៉ឺននាក់។ តែក្នុងនោះស្រ្តីមានលទ្ធភាព មានកូនមានប្រមាណតែ ១០,៨៤៤នាក់ ដែលក្នុងនោះមន្រ្តីរាជការស៊ីវិលមាន១០,៣៦០នាក់ នគរបាលមានចំនួន១៩៤ និងកងទ័ពមានចំនួន២៥០នាក់៕