(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានជម្រុញឲ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវចូលរួមការពារបញ្ហាសន្តិសុខ ការបោះឆ្នោតព្រឹទ្ធសភា និងបោះឆ្នោតសកលឲ្យបានល្អ ជាពិសេសនោះគឺការក្តាប់កម្លាំងឲ្យបាន និងធ្វើឲ្យបាន។
ការថ្លែងបែបនេះ របស់នាយឧត្តមសេនីយ៍ ធ្វើឡើងក្នុងឱកាស អញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងបំពាក់ឋានន្តរសក្តិជូននាយទាហាន ជាន់ខ្ពស់ក្នុងឱកាសប្រារព្វខួបអនុស្សាវរីយ៍លើកទី២៣ ថ្ងៃកំណើតកងពលតូចថ្មើរជើងលេខ៧០ (១៥ តុលា ១៩៩៤-១៥ តុលា ២០១៧) នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
ក្នុងពិធីនោះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានកោតសរសើរ ចំពោះកងពលលេខ៧០ ដែលជាកងពលមោះមុត រៀនសូត្របានជ្រៅជ្រះ និងមានជំនាញច្បាស់លាស់ ពិសេសគឺបានប្រឹងប្រែងបំពេញការងារ ការពារសុវត្ថិភាព និងបម្រើប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះមនុស្សតិចធ្វើការបានច្រើន បន្ថយមនុស្សច្រើនធ្វើការបានតិច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា និងខិតខំរៀនសូត្របន្ថែមទៀត ជាពិសេសគឺភាសារបរទេស។
ក្នុងពិធីនោះដែរ មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើង អំពីការរីកចម្រើនរបស់កងពល ការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ការជួយសង្គ្រោះប្រជាពលរដ្ឋ ទប់ស្កាត់គ្រោះមហន្តរាយ ការជួយព្យាបាលប្រជាពលរដ្ឋ និងផ្តល់ ទឹកសុទ្ធជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
លោកមេបញ្ជាការ បានប្តេជ្ញាការពារបូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងប្រឆាំងដាច់ខាត មិនឲ្យមានការធ្វើបដិវត្តពណ៌ ផ្តួលរំលំរាជរដ្ឋាភិបាលនោះឡើយ។
សូមជម្រាបថា កងពលតូចលេខ៧០ គឺបង្កើតឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ដែលដំបូងឡើយគឺមានឈ្មោះ វរសេនាតូចលេខ៧១ បន្ទាប់មកប្រែក្លាយទៅជាវរសេនាធំលេខ៧០ ទើបក្លាយជាកងពលតូចលេខ៧០៕