(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានផ្តាំផ្ញើដល់យុវជនខ្មែរ ដែលត្រូវចូលរួមក្នុងកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍» ឲ្យជួយផ្សព្វផ្សាយសក្តានុពលនៃសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌របស់ប្រទេសកម្ពុជាផងដែរ ដើម្បីជាការរួមចំណែកទាក់ទាញអ្នកវិនិយោគពីបណ្តាតំបន់អាស៊ីអាគ្នេយ៍តាមរយៈយុវជននៃប្រទេសទាំងនោះ។

ការថ្លែងផ្តាំរបស់លោករដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើឡើងក្នុងពេលដែលលោករដ្ឋមន្រ្តី ជួបសំណេះសំណាលជាមួយប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចំនួន ៣៣នាក់ មុនពេលពួកគេចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៤ ដែលនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧។

លោក ប៉ាន សូរស័ក្តី ក៏បានផ្តាំផ្ញើដល់យុវជនកម្ពុជា ឲ្យផ្សព្វផ្សាយពីស្ថានភាពពិតរបស់ប្រទេស និងសមិទ្ធផលសំខាន់ៗ របស់រាជរដ្ឋាភិបាល ជាពិសេសវិស័យពាណិជ្ជកម្ម។ លោករដ្ឋមន្រ្តីផ្តាំផ្ញើដល់យុវជនខ្មែរដែលនឹងត្រូវរស់នៅជាមួយយុវជនមកពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងប្រទេសជប៉ុនរយៈពេលជាង ១ខែ ត្រូវប្រកាន់ខ្ជាប់នូវអត្តសញ្ញាណជាតិ និងអត្តចរិកថ្លៃថ្នូរ សមជាយុវជនតំណាងឲ្យកម្ពុជា ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អ។

ក្នុងកិច្ចសំណេះសំណាលនោះ លោក ប៉ាន សូរស័ក្តិ ក៏បានគូសបញ្ជាក់ប្រាប់យុវជនខ្មែរផងដែរថា តាមរយៈការអនុវត្តនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៨មក កម្ពុជាបានស្តារ និងកសាងសេដ្ឋកិច្ច ព្រមទាំងនាំមកនូវសុខសន្តិភាព និងសេ្ថភាពនយោបាយជូនជាតិ បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងរង្វង់៧% ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ។

លោករដ្ឋមន្រ្តីថា ធនាគារពិភពលោកបានចាត់ថ្នាក់កម្ពុជា ជាប្រទេសមានកំណើនសេដ្ឋកិច្ចលឿនបំផុតទី៦ ក្នុងពិភពលោក ចំណែកឯធនាគារអភិវឌ្ឍន៍អាស៊ី នៅឆ្នាំ២០១៦ បានប្រសិទ្ធិនាមកម្ពុជាជាខ្លាថ្មីរបស់អាស៊ី។ ដោយសារការរីកចម្រើនផ្នែកសេដ្ឋកិច្ច បានធ្វើឲ្យប្រទេសកម្ពុជា ទទួលបានកិត្តិស័ព្ទ និងកិត្យានុភាពលើឆាកអន្តរជាតិ ហើយត្រូវបានជ្រើសរើសឲ្យក្លាយជាប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ២០១៧។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុងធ្វើកិច្ចការមួយចំនួនដូចជា ចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ការចរចាភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយថ្នាក់តំបន់ រវាងអាស៊ាន និងប្រទេសដៃគូចំនួន ៦ទៀត (RCEP) ចរចាក្រោមក្របខ័ណ្ឌ WTO ដើម្បីទាញយកផលប្រយោជន៍ និងដករបាំងពាណិជ្ជកម្មសម្រាប់ផលិតផលពីកម្ពុជា បង្កើតឲ្យមាននូវស្ថានតំណាងពាណិជ្ជកម្មនៅក្រៅប្រទេស រៀបចំពិព័រណ៍ព្រឹត្តិការណ៍ពាណិជ្ជកម្ម ការផ្គូផ្គងដៃគូពាណិជ្ជកម្ម និងជួយសម្របសម្រួលការចងក្រង សមាគមម្រេចកំពត សមាគមស្ករត្នោតកំពង់ស្ពឺ សមាគមដំឡូងមី។ល។ និងបានជំរុញឲ្យមានការការពារម៉ាកសម្គាល់ភូមិសាស្ត្រ ដូចជា ម្រេចកំពត ស្ករត្នោតកំពង់ស្ពឺ និងផលិតផលសូត្រភ្នំស្រុក ជាដើម។

ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម បានដាក់ចេញគោលនយោបាយកំណែទម្រង់សំខាន់ៗ ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ច និងកិច្ចសម្រួលពាណិជ្ជកម្ម នៅ កម្ពុជាដូចជា៖ ការដាក់ឲ្យដំណើរការនូវ ប្រព័ន្ធស្វ័យប្រវត្តិកម្ម ចេញវិញ្ញាបនប័ត្របញ្ជាក់ប្រភពដើមទំនិញ (CO) ស្វ័យប្រវត្តិកម្មចុះបញ្ជីក្រុមហ៊ុន និងស្វ័យប្រវត្តិកម្មចុះបញ្ជីម៉ាក ព្រមទាំងប្រព័ន្ធបង់ប្រាក់អេឡិចត្រូនិក។ល។ ក្រៅពីនេះ ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែក ក្នុងការរក្សាសេ្ថរភាពថ្លៃទំនិញនៅលើទីផ្សារ បន្តធ្វើកិច្ចអន្តរាគមន៍លើទីផ្សារ ជាពិសេសចំពោះ បណ្តាមុខទំនិញសំខាន់ៗ ដូចជា ស្រូវ អង្ករ ប្រេងឥន្ធនៈ អគ្គិសនី ទឹក និងបណ្តាមុខទំនិញផ្សេងៗទៀត ដែលជាតម្រូវការចំបាច់សម្រាប់ជីវភាពប្រចំាថ្ងៃរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ លោក ហោ សំណាង អនុប្រធានសមាគមនាវាយុវជនអាស៉ីអាគ្នេយ៍ បានថ្លែងអំណរគុណ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដែលបានធ្វើឲ្យពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើន ដែលចូលរួមក្នុងការរក្សាកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ៧ភាគរយក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ។ យុវជនទាំងអស់ ប្តេជ្ញានឹងលើកនូវ ការវិវឌ្ឍន៍របស់ពាណិជ្ជកម្មកម្ពុជា ដើម្បីចែករំលែកជាមួយយុវជន មកពីបណ្តាប្រទេសអាស៊ានដទៃ បូករួមប្រទេសជប៉ុនផងដែរ។

លោក ផាន់ សុធា ប្រធានប្រតិភូយុវជននាវាអាស៉ីអាគ្នេយ៍ បានបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចរបស់យុវជនកម្ពុជា ដើម្បីបង្ហាញលើឆាកអន្តរជាតិ៕