(សឹង្ហបុរី)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ​រដ្ឋមន្រ្តីក្រសួង​សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន-កូរ៉េ លើកទី៨ នៅប្រទេសសឹង្ហបុរី នាថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។

ក្នុងកិច្ចប្រជុំនេះ លោក Khaw Boon Wan រដ្ឋមន្រ្តីសម្របសម្រួលទទួលបន្ទុកហេដ្ឋារចនាសម្ព័ន្ធ និងជារដ្ឋមន្រ្តីដឹកជញ្ជូនសឹង្ហបុរី និងលោក Maeng Sung Kyu អនុរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការដឹកជញ្ជូន ក្រសួងដែនដី, ហេដ្ឋារចនាសម្ព័ន្ធ, និងដឹកជញ្ជូន កូរ៉េ ជាសហប្រធានដឹកនាំកិច្ចប្រជុំ។

រដ្ឋមន្ដ្រីបានសម្តែងការពេញចិត្ត ចំពោះវឌ្ឍនភាពក្នុងការអនុវត្តន៍គម្រោង សកម្មភាព ​ស្ថិតក្រោមផែនទី បង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-កូរ៉េ នៅក្នុងឆ្នាំ២០១៧ ជាពិសេស ការបញ្ចប់កម្មវិធីបណ្តុះបណ្តាល ស្តីពីគោលនយោបាយ និងសុវត្ថិភាពផ្លូវដែក, គោលនយោបាយភ័ស្តុភាកម្ម និងបច្ចេកវិទ្យា, ប្រព័ន្ធដឹកជញ្ជូនក្នុងក្រុងប្រកបដោយនិរន្តភាព និងការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភ័ស្តុភាកម្ម និងសំណងដីធ្លី។

រដ្ឋមន្ដ្រីបានស្វាគមន៍ចំពោះ ផែនទីបង្ហាញផ្លូវកិច្ចសហប្រតិបត្តិការដឹកជញ្ជូនអាស៊ាន-​កូរ៉េ ថ្មី ដែលបានដាក់ចេញនូវគម្រោង និងសកម្មភាព សម្រាប់អនុវត្តក្នុងរយៈពេល៣ឆ្នាំ ខាងមុខ (២០១៨-២០២០)។ គម្រោង និងសកម្មភាព នៃកិច្ចសហប្រតិបត្តិការ ផ្តោតសំខាន់លើ កម្មវិធីបណ្តុះបណ្តាលសមត្ថភាព, ការរៀបចំផែនការមេ, និងគម្រោងសិក្សាសមិទ្ធិលទ្ធភាពហេដ្ឋារចនាសម្ព័ន្ធ។

រដ្ឋមន្រ្តីបានពិភាក្សា និងអនុម័ត លើសេចក្តីថ្លែងការណ៍រួម នៃកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន-កូរ៉ែ លើកទី៨ ដែលបានប្រារព្ធធ្វើឡើងនៅថ្ងៃ១៣ ខែតុលា ឆ្នាំ២០១៧នៅប្រទេសសឹង្ហបុរី។