(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសថា បើសិនគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយដោយតុលាការកំពូលពិតមែននោះ ចំនួនអសនៈទាំង៥៥ របស់គណបក្សនេះនៅក្នុងរដ្ឋសភា នឹងត្រូវបែងចែកទៅឲ្យ គណបក្សនយោបាយផ្សេងទៀត ដែលចុះបញ្ជីចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៣ ប៉ុន្ដែសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងអសនៈច្រើនដាច់ខាតនោះ នឹងមិនទទួលយកចំណែកណាមួយនោះឡើយ។
ការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ក្នុងឱកាសបើកកិច្ចប្រជុំស្ដីពីវិធានការរក្សាសន្ដិភាព សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គស្នងការនគរបាលជាតិ និងស្នងការរាជធានី-ខេត្ត ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនផ្សេងទៀត។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ដែលបានចូលរួម ក្នុងកិច្ចប្រជុំ បានលើកឡើងពីប្រសាសន៍របស់សម្ដេចក្រឡាហោម ស ខេង នៅក្នុងកិច្ចប្រជុំយ៉ាងដូច្នេះថា «សម្តេចក្រឡាហោម បានលើកឡើងថា បើសិនគណបក្សសង្គ្រោះជាតិ ត្រូវរំលាយនោះ ចំនួនអសនៈទាំង៥៥ របស់គណបក្សនេះនៅក្នុងរដ្ឋសភា នឹងត្រូវបែងចែកទៅឲ្យ គណបក្ស នយោបាយផ្សេងទៀត ដែលចូលរួមការបោះឆ្នោតកាលពីឆ្នាំ២០១៣ ប៉ុន្ដែសម្រាប់គណបក្សប្រជាជនកម្ពុជា នឹងមិនទទួលយកនោះឡើយ»។
សម្តេចក្រឡាហោម បានបញ្ជាក់បន្ថែមទៀតថា ដោយឡែកសម្រាប់អសនៈនៅតាមមូលដ្ឋានឃុំ/សង្កាត់ គឺអាស្រ័យទៅលើស្ថានភាពជាក់ស្តែង។ នេះបើតាមការបញ្ជាក់របស់ លោក ខៀវ សុភ័គ។
សូមជម្រាបថា កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជាលោក ពេជ្រ ស្រស់ បានដាក់ពាក្យបណ្តឹងស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សយុវជនកម្ពុជា បានរៀបរាប់ថា៖ សំណើសុំក្រសួងមហាផ្ទៃចាត់នីតិវិធីប្តឹងទៅតុលាការកំពូល ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយជាធរមាន ព្រោះតែគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ។
នៅល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៧ គណបក្សហ្វ៊ុនស៊ិនប៉ិចរបស់សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ ក៏បានដាក់ពាក្យបណ្តឹងជាផ្លូវការស្នើសុំរំលាយ គណបក្សសង្រ្គោះជាតិ ទៅកាន់ក្រសួងមហាផ្ទៃផងដែរ។ នៅក្នុងពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានរៀបរាប់យ៉ាងដូច្នេះថា៖ សំណើរសុំចាត់វិធានការតាមផ្លូវច្បាប់ តាមនីតិវិធី ដើម្បីរំលាយគណបក្សសង្គ្រោះជាតិ ដោយយោងតាមមាត្រា៦ថ្មី មាត្រា៧ មាត្រា៣៨ថ្មី និងមាត្រា៤៤ថ្មី នៃច្បាប់ស្ដីពីវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ។
ពាក់ព័ន្ធការរំលាយគណបក្សនេះ ក្រុមមេធាវី៥រូបរបស់ក្រសួងមហាផ្ទៃ បានដាក់ពាក្យបណ្តឹងចូលទៅកាន់តុលាការកំពូល នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ដើម្បីប្តឹងស្នើសុំរំលាយគណបក្សសង្រ្គោះជាតិ ដោយយោងតាមពាក្យបណ្តឹងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិន របស់សម្តេចក្រុមព្រះ និងគណបក្សយុវជនកម្ពុជា របស់លោក ពេជ្រ ស្រស់។
កាលពីព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ២ម៉ឺននាក់ មកពីរោងចក្រចំនួន១១ នៅតាមបណ្តោយផ្លូវវ៉េងស្រេង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា នៅពេលអស់បក្សប្រឆាំងមួយ នៅមានបក្សប្រឆាំង៥ទៀត ដែលនឹងកើតឡើងនាពេលឆាប់ៗនេះ ហើយសម្តេចតេជោ បានថ្លែងថា បច្ចុប្បន្ននេះនៅកម្ពុជាមានគណបក្សនយោបាយច្រើនណាស់ ដែលកំពុងធ្វើសកម្មភាព។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «សូមបញ្ជាក់បើរំលាយបក្សមួយ បក្ស៥ទៀតចូលជំនួស បានសេចក្ដីថា ពីបក្ស២ឡើង បក្ស៦ នៅក្នុងសភា នេះវានឹងកើតនៅពេលមិនយូរប៉ុន្មាននៅពេលខាងមុខនេះ [...] នៅកម្ពុជាមានគណបក្សនយោបាយរាប់សិប វាជាស្ថានសូគ៌លោកិយ នៃបក្សនយោបាយ ហើយវាក៏ជាស្ថានសួគ៌លោកិយ នៃអង្គការក្រៅរដ្ឋាភិបាលដែរ»៕