(កណ្ដាល)៖ ក្មេងស្រីជាអនីតិជន២នាក់ ត្រូវបានក្លាយជាចំណីតណ្ហា របស់តាចាស់ម្នាក់ កាលពីល្ងាចថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ នៅក្នុងភូមិព្រែកជីក ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្ដាល។

នគរបាលស្រុកពញាឮ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តកណ្តាលឲ្យដឹងថា ជនសង្ស័យឈ្មោះ គិត ចាន់ថុល ហៅសោរ អាយុ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកជីក ឃុំកោះចិន។ ចំណែកក្មេងស្រីរងគ្រោះទាំង២នាក់ ទី១៖ ឈ្មោះ វ ស.ន អាយុ១៤ឆ្នាំ មុខរបរសិស្ស និងទី២៖ ឈ្មោះ ផ ស.រ អាយុ១៦ឆ្នាំ មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ ក្មេងស្រីរងគ្រោះទាំង២ រស់នៅក្នុងភូមិ-ឃុំ ជាមួយជនសង្ស័យ។

នគរបាលដដែលបានបន្តថា ក្រោយពាក្យបណ្ដឹង ពីឪពុកម្ដាយក្មេងស្រីរងគ្រោះទាំង២នាក់ ភ្លាមនោះកម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ គិត ចាន់ថុល ដើម្បីមកធ្វើការសួរនាំ ហើយជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួងលោម ក្មេងស្រីរងគ្រោះទាំង២នាក់ រំលោភពិតប្រាកដមែន។

តាមការឲ្យដឹងពីក្មេងស្រីរងគ្រោះឈ្មោះ ផ ស.រ បានឲ្យដឹងថា ជនសង្ស័យលួងលោមរូបគេ រហូតរំលោភបានសម្រេច៤ដង មកហើយ ចាប់តាំងពីអំឡុងខែមិថុនា ឆ្នាំ២០១៧ រហូតមកបច្ចុប្បន្ន ហើយថែមទាំងឲ្យលុយទៅរូបគេ ១ម៉ឺនរៀល ដើម្បីបំបិតមាត់កុំឲ្យឪពុកម្ដាយដឹង។ ចំណែកឯក្មេងស្រី រងគ្រោះម្នាក់ទៀតឈ្មោះ វ ស.ន បានរៀបរាប់ថា រូបនាងត្រូវបានជនសង្ស័យ បានលួងលោមរហូតចាប់រំលោភលើរូបនាងបាន សម្រេច១លើក ចាប់តាំងពីអំឡុង បុណ្យចូលឆ្នាំខ្មែរមកម្ល៉េះ និងហាមជនរងគ្រោះ មិនឲ្យនិយាយប្រាប់គេទៀតផង។

លុះហូតមកដល់ថ្ងៃទី១២ ខែតុលា ដោយក្មេងស្រីរងគ្រោះទាំង២នាក់ មានការភ័យព្រួយបារម្ភទើបសម្រេចចិត្ដប្រាប់ រឿងរ៉ាវទាំងប៉ុន្មាន ដល់ឪពុកម្ដាយដឹង។ ក្រោយពីដឹងរឿងរ៉ាវទាំងអស់ហើយ ភ្លាមនោះឪពុកម្ដាយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹង ប្ដឹងនគរបាលរដ្ឋបាលតែម្ដង។

បើតាមជនសង្ស័យដដែល បានបញ្ជាក់ថា ខ្លួនចាប់តាំងពីថ្ងៃមិនចាំ អំឡុងខែមិថុនា ឆ្នាំ២០១៧ រូបគេពិតជាធ្លាប់បានធ្វើសកម្មភាព លួងលោមល្បួង រំលោភសេពសន្ថវៈ ជាមួយក្មេងស្រីរងគ្រោះឈ្មោះ ផ ស.រ ៤លើកមែន តែមិនបានដល់ស៊ីជម្រៅនោះទេ ដោយគ្រាន់តែបបោសអង្អែលតែខាងក្រៅ តែប៉ុណ្ណោះ និងចំពោះក្មេងស្រីម្នាក់ទៀតឈ្មោះ វ ស.ន វិញគឺបានត្រឹមតែបបោសអង្អែល តែខាងក្រៅដូចគ្នាដែរ គឺមិនបានស៊ីជម្រៅអ្វីលើសលប់ នោះទេហើយមូលហេតុដែលនាំឲ្យខ្លួន និងជនរងគ្រោះមានការទំនាក់ទំនងជាមួយគ្នា និងរហូតដល់កើតមានបទល្មើសខាងលើកើតឡើង គឺដោយសារតែជនរងគ្រោះ ធ្លាប់ចេញចូលផ្ទះជនសង្ស័យដើម្បីខ្ចីលុយ និងទៅកត់កន្ទុយលេខ។

ក្រោយពីសមត្ថកិច្ច បានធ្វើការសួរនាំរួចហើយ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាលខេត្ដកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធីច្បាប់៕