(កណ្តាល)៖ លោក ញឹម វណ្ណឌិន អភិបាល នៃគណៈអភិបាលស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ បានរៀបចំយុទ្ធនាការដង្ហែក្បូនផ្សព្វ​ផ្សាយអប់រំអំពីការចោលសំរាមពាសវាលពាសកាល នៅតាមទីសាធារណៈ ដើម្បីការពារសុខភាពយើងទាំងអស់គ្នា បន្ទាប់ពីពិនិត្យឃើញនៅតាម បណ្តោយផ្លូវលលេខ២១ និងផ្លូវលេខ១១០​ ប្រជាពលរដ្ឋមួយចំនួន តែងតែយកសំរាមមកចាកលើចិញ្ចើមផ្លូវនៅតំបន់មួយចំនួននៅលើផ្លូវ ចំណុចតំបន់ទួលក្រសាំង ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង។

ពិធីដង្ហែរក្បួននេះ មានការចូលរួមពីសំណាក់អភិបាលរងស្រុកស្អាង លោក ប៉ោ សេង ម្ចាស់វិនិយោគផ្សារស្អាង មន្ត្រីបរិស្ថានស្រុក មេឃុំ មេភូមិ ក្រុមយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ទៀតផង ។

លោក ញឹម វណ្ណឌិន បានថ្លែងថា យុទ្ធនាគារប្រមូលសម្រាមនៅទីកន្លែងដែលប្រជាពលរដ្ឋយកមកបោះ និងចាក់ចោលពាសវាលពាសកាល ហើយថ្ងៃនេះយើងធ្វើនៅឃុំរការខ្ពស់ ដោយសារកន្លងមកមានបងប្អូន ដែលធ្វើដំនើរឆ្លងកាត់ ក៏ដូចជា អ្នករស់នៅក្បែរខាងបានយកសម្រាមមកចាក់ ចោលនៅទីនេះ ហើយយើងបានដឹកជញ្ជូនជាច្រើនសារមកហើយ ប៉ុន្តែនៅតែមិនទាន់អស់ហើយថ្ងៃនេះ ផ្អែកតាមសកម្មភាពយុទ្ធនាការផ្សព្វផ្សាយ យើងបានប្រមូលផ្តុំកម្លាំងមានទាំងខាងសហភាពសហព័ន្ធយុវជនកម្ពុជា, សិស្សានុស្សិ, មន្ត្រីភូមិ ឃុំ ស្រុក និងមានការចូលរួមពីអ្នកផ្តល់សេវាប្រមូល សម្រាមកន្លងមក គឺលោក ប៉ោ សេង។

លោក ញឹម វណ្ណឌិន បានបន្តថា យុទ្ធនាការផ្សព្វផ្សាយនេះ គឺយើងតម្រូវឲ្យតាមបណ្តាឃុំដែលបានចូលរួមយកទៅផ្សព្វផ្សាយបន្តនៅតាមបណ្តា ឃុំរៀងៗខ្លួន។ ជាមួយគ្នានេះ យើងបានលើកស្លាកសញ្ញាដើម្បីឲ្យប្រជាពលរដ្ឋដឹងថាកន្លែងនេះ ត្រូវបានហាមឃាត់មិនឲ្យចាក់សម្រាមហើយយើង នឹងចែករំលែកស្លាកសញ្ញានេះ ឲ្យទៅតាមបណ្តាឃុំផងដែរ។ លោកអភិបាលស្រុក ក៏បានអំពាវដល់ប្រជាពលរដ្ឋសូមឈប់យកសម្រាម មកបោះចោលពាសវាលពាសកាលនៅទីនេះបន្តទៀត ត្រូវប្រមូលទុកដាក់សម្រាមនៅត្រង់គោលដៅ៕

គួរបញ្ជាក់ថាលោក ញឹម វណ្ណឌិន មិនមែនគ្រាន់តែរៀបចំដង្ហែរក្បួនប៉ុណ្ណោះទេ លោកបានដឹកនាំកម្លាំងបែងចែកចូលសួរសុខទុក្ខ និងពន្យល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវលេខ២១ ពីផលប៉ះពាល់ផ្នែកបរិស្ថាន ដែលកើតឡើងមកពីការចោលសំរាមពាសវាលពាសកាល នៅតាមចិញ្ចើមផ្លូវនោះ។ ក្រៅពីនេះ លោកបានដឹកនាំកម្លាំងដើររើសសំរាម និងប្រមូលសំរាមដឹកយកទៅចាក់ចោលនៅទីលានសំរាមរបស់លោក ប៉ោ សេង ម្ចាស់វិនិយោគផ្សារស្អាងព្រមទាំងលើកស្លាកសញ្ញាបរិស្ថាន មានសរសេរពាក្យស្លោកពាក់ព័ន្ធពីការអប់រំផ្នែកបរិស្ថានទៀតផង៕