(រតនគិរី)៖ កម្មករ២នាក់បងប្អូន ធ្វើការនៅក្រុមហ៊ុនឥណ្ឌា មេសកូហ្គោល «MescoGoal» នាវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ខណៈជិះខ្សែកាប្តិ៍ចុះក្រោម ស្រាប់តែដាច់ទឹកអន្សាធ្លាក់ ជម្រៅជិត៣០ម៉ែត្រ ស្លាប់យ៉ាងអាណោចអាធម៌ ក្នុងការដ្ឋានក្រុមហ៊ុននេះ មានទីតាំងស្ថិតក្នុងភូមិពាក ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

បើតាមសាច់ញាតិជនរងគ្រោះ ធ្វើការជាមួយគ្នាបានប្រាប់ឲ្យដឹងថា ពួកគេមានស្រុកកំណើត នៅភូមិកប្បាស ឃុំមេម៉ង់ ស្រុកមេម៉ត់ ខេត្តត្បូងឃ្មុំ ហើយមកធ្វើការក្នុងការដ្ឋាននេះ បាន១អាទិត្យទទួលកម្រៃពលកម្ម ក្នុង១ថ្ងៃ៣ម៉ឺនរៀល។ បន្ទាប់ពីកើតហេតុ ខាងក្រុមហ៊ុនប្រឹងប្រែង ជួយសង្គ្រោះដែរ ដោយបញ្ជូនមកមន្ទីរពេទ្យបង្អែកខេត្ត តែជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុម្ល៉េះ។

មន្ត្រីនគរបាលបច្ចេកទេស វិទ្យាសាស្ត្រ នៃស្នងការនគរបាលខេត្ត, មន្ត្រីសុខាភិបាលខេត្ត ដឹកនាំដោយលោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងត្រួតពិនិត្យធ្វើកោសល្យវិច្ច័យ ដោយតំកល់សពនៅវត្តភូមិថ្មី រួចបញ្ជួនទៅធ្វើបុណ្យ នៅស្រុកកំណើត។

សូមបញ្ជាក់ថា សព២នាក់ បងប្អូននេះ បងមានឈ្មោះ ឆក រុំ អាយុ២២ឆ្នាំ ជនជាតិខ្មែរ និងប្អូនឈ្មោះ ឆក រិទ្ធ អាយុ១៨ឆ្នាំ ហើយការចំណាយផ្សេងៗ ក្រុមហ៊ុមមេសកូហ្គោលរបស់ឥណ្ឌា សហការជាមួយបេឡាជាតិសន្តិសុខសង្គម (ប-ស-ស) ធានារ៉ាប់រងទាំងអស់៕