(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ក្នុងនាមជាម្ចាស់សំណង់ធំៗ គ្រប់ប្រភេទដូចជា៖ បុរី, ខុនដូរ, សណ្ឋាគារ, ផ្ទះសំណាក់ ឬបុកគ្រិះសាងសង់ផ្ទះតូចធំ នៅទូទាំងខណ្ឌទាំងអស់ ចាំបាច់ត្រូវតែរៀបចំធ្វើបែបបទស្នើសុំលិខិតអនុញ្ញាតឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដោយសារតែកន្លងមក មានបញ្ហាជាច្រើនបានកើតឡើងនៅពេលដែល មន្ត្រីក្រុមការងារជុំនាញចុះត្រួតពិនិត្យជាក់ស្ដែង តាមសំណង់នីមួយៗ របស់លោក លោកស្រី ឃើញថា មួយចំនួនមិនមានច្បាប់ និងមួយចំនួនទៀត មានច្បាប់អនុញាតសាងសង់ត្រឹមតែសាលា សង្កាត់តែប៉ុណ្ណោះ។

លោក ជា ពិសី បានបន្តថា ពិសេសសូមឲ្យមន្ត្រីថ្នាក់ក្រោមទាំងអស់ រាប់ចាប់ពីថ្នាក់ភូមិ សង្កាត់ ខណ្ឌ គួរតែរៀបចំដុះក្អែល លាងដៃសិតសក់ លាបម្សៅ និងឆ្លុះកញ្ចក់ខ្លួនឯងឲ្យបានច្បាស់ ក្នុងការយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីផ្ដល់សេវាសាធារណៈឲ្យបានល្អប្រសើរ ជូនប្រជាពលរដ្ឋ តាមរយះការិយាល័យច្រកចេញ-ចូលតែមួយ របស់រដ្ឋបាលខណ្ឌ ដើម្បីជៀសវាងបាននូវការរិះគន់ ពីក្រៅប្រព័ន្ធច្បាប់។

ការអំពាវនាវយ៉ាងទទូចយ៉ាងដូច្នេះ របស់អភិបាលខណ្ឌឫស្សីកែវ បានធ្វើឡើងក្នុងពេលអនុញ្ញាតឲ្យអភិបាលរងខណ្ឌលោក ស៊ូ សោគន្ធ ដាក់បទបញ្ជាឲ្យលោក ស៊ូ សារ៉ាត់ នាយករងរដ្ឋបាលណ្ឌ ដឹកនាំលោក លឹម សាមឌី អនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ តំណាងប្រធាន ការិយាល័យ លោក ស្មាស រិទ្ធី និងមន្ត្រីក្រុមការងារជុំនាញពាក់ព័ន្ធមួយចំនួន បានចុះទៅហាមឃាត់ការសាងសង់សំណង់ផ្ទះថ្ម មានគ្រឹះមួយកន្លែង ទំហំ៥,៥ម៉ែត្រគុណ៧ម៉ែត្រ របស់លោក ហ៊ម ដារ៉ា ដែលសង់បាន៥០% ទៅហើយទាំងគ្មានលិខិតអនុញ្ញាត «ពោលមានលិខិតអនុញ្ញាតត្រឹមតែអាជ្ញាធរសង្កាត់» នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ នៅត្រង់ចំណុចលើកំណាត់ផ្លូវបេតុង ក្នុងក្រុម៣ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ»។

លោក ស៊ូ សោគន្ធ កន្លងមកធ្លាប់បានបញ្ជាក់ផងដែរថា ការទប់ស្កាត់រីករាលដាល ចំពោះសំណង់ ដែលគ្មានលិខិតអនុញ្ញាត ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ គឺដើម្បីអនុវត្ត ឲ្យមានប្រសិទ្ធភាពទៅតាមអនុក្រឹត្យលេខ៨៦ អនក្រ.បក ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីលិខិតអនុញ្ញាតសាងសង់ និងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ រួមនឹងបទដ្ឋានរបស់ស្ថាប័នជំនាញរៀបចំដែនដី នគរូបនីយកម្ម និងសំណង់របស់លោក លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ត្រូវផ្អាកការសាងសង់ ជាបណ្ដោះអាសន្ន ហើយបំពេញបែប​បទស្នើសុំលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឬរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ហើយរង់ចាំរហូតទទួលបានលិខិតអនុញ្ញាត និងលិខិតបើកការដ្ឋានទើបអាចបន្តការសាងសង់តទៅទៀតបាន។

លោក លឹម សាមឌី អនុប្រធានការិយាល័យអន្តរវិស័យ តំណាងលោក ស្មាស រិទ្ធី ប្រធានការិយាល័យ បានបញ្ជាក់ថា បើក្នុងករណីម្ចាស់សំណង់ ឬជាងសំណង់នៅតែបន្តការសាងសង់ ទាំងមិនមានលិខិតអនុញ្ញាតនោះ រដ្ឋបា​ខណ្ឌនឹងចាត់វិធានការរដ្ឋបាល ឃាត់យកសម្ភារ ឧបករណ៍សំណង់ មករក្សាទុកជាបណ្ដោះអាសន្ន ដោយមិនទទួល​ខុសត្រូវលើការខូចខាត ឬបាត់បង់អ្វីឡើយ និងរាល់ហានិភ័យដែលកើតឡើងដោយគ្រោះថ្នាក់ ពលកម្ម ការបាក់ស្រុតដួលរលំសំណង់អាចបង្កជាគ្រោះថ្នាក់ផ្សេងៗ ខូចខាតទ្រព្យសម្បត្តិអ្នកដទៃ នោះលោក លោកស្រី ជាម្ចាស់សំណង់ ឬជាងសំណង់ដាច់ខាតទទួលខុសត្រូវទាំងស្រុង​ចំពោះមុខច្បាប់​ជាធរមាន៕