(ភ្នំពេញ)៖ ក្រុមហ៊ុន លី យ៉ុងផាត់ (LYP) Group Co Ltd បានជួបជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីត្រៀមប្រគល់ស្ពាន ផ្លូវ ភ្លើង និងដើមឈើមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការគ្រប់គ្រង និងថែរក្សា ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ បំរើដល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅវិញ។

ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ តំណាងក្រុមហ៊ុន LYP Group បានឲ្យដឹងថា ក្រុមហ៊ុននឹងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយក្រុមហ៊ុននឹងលែងយកលុយពីការឆ្លងស្ពាននេះ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧ វេលាម៉ោង០០៖០០នាទីតទៅ។

តំណាងក្រុមហ៊ុន បន្តថា ចំពោះហេដ្ឋានរចនាសម្ព័ន្ធជាច្រើន មានដូចជា៖ ស្ពាន ផ្លូវចេញពីខាងកើតស្ពាន ដែលមានប្រវែងជាង៧គីឡូម៉ែត្រ អំពូលភ្លើងបំភ្លឺផ្លូវ និងដើមឈើជាដើម ក្រុមហ៊ុននឹងប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែតុលា ដើម្បីគ្រប់គ្រង និងថែរក្សាបន្ត។

លោក ឃួង ស្រេង បានថ្លែងថា អនុវត្តតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ស្ពានព្រែកព្នៅ នឹងត្រូវដាក់ឲ្យធ្វើដំណើរ ដោយមិនយកប្រាក់នៅថ្ងៃទី១៥ ខែតុលា ចាប់ពីម៉ោង០០និង០០នាទី ឆ្នាំ២០១៧នេះតទៅ ហើយនៅថ្ងៃទី១៦ រដ្ឋបាលរាជធានី នឹងរៀបចំពិធីទទួលយកស្ពាននេះ មកគ្រប់គ្រងជាសម្បត្តិរាជធានីភ្នំពេញ ដើម្បីដាក់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរ ដោយមិនយកប្រាក់រហូតតទៅ។

លោកបន្តថា «នេះជាការគិតគូរមួយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយសម្តេចតែងតែគិតគូរជានិច្ចពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ។ ការផ្តល់ផ្លូវស្ពានឲ្យធ្វើដំណើរនេះ ជាការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ មានន័យថា មានផ្លូវមានស្ពានគឺមានក្តីសង្ឃឹម។ ការសម្រេចរបស់ប្រមុខនៃរាជរដ្ឋាភិបាលនេះ គឺជាការគិតគូរ និងលើកកម្ពស់ជីវភាព រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ដូចជា ការលុបចោលបង់ថ្លៃឆ្លងកាត់ផ្លូវជាតិលេខ៤ និងផ្លូវលេខ២០០៤ ឬផ្លូវម៉ៃដា កាលពីពេលកន្លងទៅផងដែរ»

គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែតុលា ជាការផ្ដល់កាដូដ៏ធំមួយ ជូនដល់ជនរួមជាតិទូទាំងប្រទេស សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសទិញស្ពាន និងផ្លូវ ព្រែកព្នៅ មកគ្រប់គ្រងវិញ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនបាច់បង់ថ្លៃ។

សូមបញ្ជាក់ថា ស្ពាន លី យ៉ុងផាត់ បានដាក់សម្ពោធឲ្យប្រើប្រាស់ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១០ ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុន LYP Group ទឹកប្រាក់សរុបចំនួន ៤៣លានដុល្លារអាមេរិក។ ស្ពាននេះ មានបណ្តោយ៩៩៦ម៉ែត្រ និងទទឹង១៤ម៉ែត្រ តភ្ជាប់ពីផ្លូវកប់ស្រូវ (ត្រើយខាងលិចបឹងទន្លេសាប) ទៅចំនុចស្ពានទី៦ ផ្លូវជាតិ៦A (ត្រើយខាងកើតបឹងទនេ្លសាប) ដែលតំរូវឲ្យមានការសាងសង់ផ្លូវបេតុងប្រវែង៨១៧០ម៉ែត្រ ភ្ជាប់ពីគល់ស្ពានត្រើយខាងកើត ទៅផ្លូវជាតិលេខ៦A។

ក្រៅពីស្ពានព្រែកព្នៅនេះ កាលពីពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចដកហូតផ្លូវលេខ២០០៤ ផ្លូវវ៉េងស្រេង និងផ្លូវជាតិលេខ៤ ពីក្រុមហ៊ុនវិនិយោគ មកឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយមិនបង់ប្រាក់វិញផងដែរ។ កាយវិការគិតពីការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋនេះ ធ្វើឲ្យប្រជាពលរដ្ឋពេញចិត្តពេញថ្លើមជាខ្លាំង៕