(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូស្ងួតបានជាង១១ម៉ឺនតោន កើនឡើង៣៣ភាគរយ ទួលបានចំណូលជាង១៩២លានដុល្លារ។ នេះបើតាមរបាយការណ៍ផ្លូវការរបស់អគ្គនាយកដ្ឋានកៅស៊ូ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧។
របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០១៧ ចាប់ពីខែមករា ដល់ខែកញ្ញា កម្ពុជាប្រមូលផលជ័រកៅស៊ូបានចំនួន ១១៥,៨៤៣តោន ក្នុងនោះបាននាំចេញជ័រកៅស៊ូចំនួន ១១៤,៩៩១តោន ដោយទទួលបានទឹកប្រាក់ចំនួន ១៩២,២៦៤,៩៥២ដុល្លារ ដែលតម្លៃជ័រកៅស៊ូជាមធ្យម ថ្លៃ១,៦៨២ដុល្លារ ក្នុងមួយតោន។
របាយការណ៍ដដែលបានបន្តថា ផ្ទៃដីកៅស៊ូរបស់កម្ពុជាសរុបមានចំនួន ៤៣២,០៩៦ហិកតា ដែលក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ១៦៣,១៣០ហិកតា ស្មើនឹង៣៧.៧៧% និងផ្ទៃដីថែទាំមានចំនួន ២៦៨,៩៦៦ហិកតា ស្មើនឹង៦២.២៣%។
សូមជម្រាបថា កៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ នៅឆ្នាំ២០១៦ កន្លងទៅ កម្ពុជាបាននាំចេញជ័រកៅស៊ូបានជាង ១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ១៨០លានដុល្លារ៕