(សឹង្ហបុរី)៖ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាជាមួយក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយលោក Marc Mealy អនុប្រធានទទួលបន្ទុកគោលនយោបាយក្រុមប្រឹក្សា ធុរកិច្ចអាមេរិក-អាស៊ាន។ គណៈប្រតិភូរួមមាន តំណាងមកពីក្រុមហ៊ុនធំៗ របស់អាមេរិក៖ Uber, 3M, Bechtel, Caterpillar, FedEx, and Harris Corporation។
កិច្ចពិភាក្សាផ្តោតសំខាន់លើ គម្រោងហេដ្ឋារចនាសម្ព័ន្ធជាអាទិភាពរបស់កម្ពុជា, ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលមានដំណើរការល្អ និងសុវត្ថិភាព និងការរៀបចំបទបញ្ញត្តិទាក់ទង សេវាដឹកជញ្ជូន តាមរូបភាពចែករំលែក (Ridesharing)។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានជម្រាបជូនក្រុមប្រឹក្សា អំពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ, កំណើនសេដ្ឋកិច្ចថេរ, បរិយាកាសនយោបាយល្អ, គោលនយោបាយគាំទ្រវិនិយោគ, ទីតាំងប្រកបដោយអត្ថប្រយោជន៍ និងយុទ្ធសាស្ត្រ និងកត្តាសក្តានុពលផ្សេងៗ ក្នុងការវិនិយោគនៅកម្ពុជា។
លោកទេសរដ្ឋមន្រ្តីបានគូសបញ្ជាក់អំពីកំណែទម្រង់សំខាន់ៗ ដែលបានបញ្ចប់ និងកំពុងអនុវត្ត នៅក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន ការបង្កើតមជ្ឈមណ្ឌលបន្តសុពលភាពប័ណ្ណបើកបរ នៅផ្សារទំនើបអ៊ីអន ដែលចំណាយរយៈពេលត្រឹមតែ ១៥ ទៅ២០នាទី ដើម្បីទទួលបានប័ណ្ណបើកបរ, ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម សម្រាប់ការចុះបញ្ជីយានយន្ត, ផ្លាកលេខយានយន្ត, ការប្រលងទ្រឹស្តីបើកបរ, ការចេញប័ណ្ណបើកបរ, ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត, អង្គភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសចល័ត និងក្រុមហ៊ុន Uber នៅកម្ពុជា សំដៅជំរុញការបម្រើសេវាឲ្យកាន់តែខិតជិតប្រជាពលរដ្ឋ។
ក្នុងឱកាសនោះដែរ លោក ស៊ុន ចាន់ថុល បានអញ្ជើញគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន មកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាស្វែងយល់ឱកាសវិនិយោគ និងធុរកិច្ច និងបានសន្យាជួយសម្របសម្រួល ដល់ក្រុមហ៊ុនអាមេរិក ដែលមានបំណងចង់វិនិយោគនៅកម្ពុជា៕