Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីនគរបាលស័ក្តិ៣ម្នាក់ បោកលុយប្រជាពលរដ្ឋជាង៧ម៉ឺនដុល្លារ ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃចាប់ខ្លួន, ក្រោយការសួរនាំ តុលាការខេត្តតាកែវ ដាក់ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

13-10-2017 12:42

(តាកែវ)៖ មន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯក (ស័ក្តិ៣)ឈ្មោះ ផេង ម៉ានីត ដែលបោកប្រាស់លុយប្រជាពលរដ្ឋជាង៧ម៉ឺនដុល្លារ ហើយត្រូវតុលាការខេត្តតាកែវ បង្គាប់ឲ្យឃុំខ្លួន និងបានគេចខ្លួនអស់រយៈពេលជាមួយឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបានហើយ។

ជនសង្ស័យរូបនេះត្រូវបានចាប់ខ្លួន និងបានបញ្ជូលភ្លាមៗទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ កាលពីម្សិលមិញ ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ ត្រូវបានលោក អឿង វណ្ណា អនុប្រធានតុលាការខេត្តតាកែវ អនុញ្ញាតឲ្យនៅក្រៅឃុំបន្ទាប់ពីការសួរនាំចប់។

គូសបញ្ជាក់ថា មន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯក ផេង ម៉ានីត បានឆបោកប្រាក់ពីឈ្មោះ ជា វិបុល ឲ្យយកប្រាក់ជាង៧ម៉ឺនដុល្លារ ទៅទិញដីនៅភូមិឬស្សីមួយគុម្ព ភូមិអូសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីកំឡុងខែឧសភា ឆ្នាំ២០១៥ បន្ទាប់ពីទទួលប្រាក់រូច ឈ្មោះ ផេង ម៉ានីត ក៏គេចខ្លួនបាត់រហូត ហើយជនរងគ្រោះឈ្មោះ ជា វិបុល ក៏បានយកភស្តុតាង ទាំងអស់ទៅដាក់ពាក្យបណ្តឹង នៅតុលាការខេត្តតាកែវ។

បន្ទាប់មក តុលាការខេត្តក៏បានសម្រេចឲ្យឃុំខ្លួនឈ្មោះ ផេង ម៉ានីត តាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ ខែតុលា នេះក្រោយពីជាប់ខ្លួនជនល្មើសបានមួយថ្ងៃ ក៏លោក អឿង វណ្ណា ជាអនុប្រធានតុលាការខេត្ត បានអនុញ្ញាតឲ្យនៅក្រៅឃុំ។ ការសម្រេចបែបនេះ ធ្វើឲ្យជនរងគ្រោះមិនសុខចិត្ត និងអំពាវនាវឲ្យលោកចៅក្រម ចាត់ការតាមច្បាប់ចំពោះជនល្មើស។

យ៉ាងណាក៏ដោយនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីលោកអនុប្រធានតុលាការ អឿង វណ្ណា បាននោះទេ៕