(ស៊ីឈាន់-ចិន)៖ ក្នុងឱកាសទស្សនកិច្ចនៅខេត្តស៊ីឈាន់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជួបសន្ទនាជាមួយ លោក ទឹង សៀវកាំង អនុលេខាបក្សកុម្មុយនិស្ដចិន ប្រចាំខេត្តស៊ីឈាន់។
ក្នុងកិច្ចសន្ទនាមានភាពជិតស្និទ្ធ និងស្មោះត្រង់ លោក ទឹង សៀវកាំង ក៏បានសរសើរការអភិវឌ្ឍយ៉ាងលឿនរបស់កម្ពុជា លើគ្រប់វិស័យដោយមានការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងបង្ហាញពីទំនាក់ទំនងរវាងចិន និងកម្ពុជា មានភាពស្អិតរមួតតាំងពីអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ និងអតីតថ្នាក់ដឹកនាំកំពូលរបស់ចិន ហើយបច្ចុប្បន្នមានសម្តេចតេជោ ហ៊ុន សែន ជាអ្នកបន្តវេន។
លោកអនុលេខាបក្សខេត្ត បានស្នើ០២ចំណុចដល់កម្ពុជារួមមាន សុំឲ្យមានសម្ព័ន្ធមេត្រីភាពរវាងខេត្តស៊ីឈាន់ និងខេត្ត ឬក្រុងរបស់កម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ វប្បធម៌ ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការ ក៏ស្ថិតក្នុង «ខ្សែក្រវាត់មួយ ផ្លូវមួយ» ដែរ។
ជាមួយគ្នានោះ ឧបនាយករដ្ឋមន្ដ្រី ហោ ណាំហុង បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់ជំនួយ ដ៏សន្ធឹកសន្ធាប់ដល់កម្ពុជា ហើយការអភិវឌ្ឍរបស់កម្ពុជា លើគ្រប់វិស័យសព្វថ្ងៃនេះ មិនអាចកាត់ផ្តាច់ពីជំនួយដ៏ធំធេង របស់ចិនបានទេ។
ឧបនាយរដ្ឋមន្ត្រី ក៏សូមស្វាគមន៍ការភ្ជាប់សម្ព័ន្ធមេត្រីភាព ខេត្តឬក្រុងរបស់កម្ពុជា ជាមួយខេត្តស៊ីឈាន់ ហើយជម្រុញការចងសម្ព័ន្ធមេត្រីភាពឲ្យបានឆាប់។ ជាទីបញ្ចប់ ឧបនាយរដ្ឋមន្ត្រី ហោ ណាំហុង បានអញ្ជើញលោកអនុលេខាបក្សខេត្ត ទៅធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរឡើងរវាងកម្ពុជា និងខេត្តស៊ីឈាន់៕