(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការអន្ដរជាតិនៃកម្ពុជា លោកបណ្ឌិត វីវៀន បានឡាគ្រីស្សស្នាន រដ្ឋមន្ដ្រីការបរទេស នៃសិង្ហបុរី នឹងដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសកម្ពុជា ចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។ នេះបើយោងតាមសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ។

ក្នុងសេចក្ដីជូនព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានបញ្ជាក់ថា ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោកបណ្ឌិត វីវៀន បានឡាគ្រីស្សស្នាន នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅប្រាសាទទេវាវិនិច្ឆ័យ នៃព្រះបរមរាជរាំង។

សេចក្ដីជូនព័ត៌មាន បានឲ្យដឹងទៀតថា លោកបណ្ឌិត វីវៀន បានឡាគ្រីស្សស្នាន នឹងចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជួបចរចាផ្លួវការ ជាមួយលោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន ព្រមទាំងបន្ដដោយពិធីដោយចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៃកម្ពុជា និងក្រសួងការបរទេសនៃសិង្ហបុរី ស្ដីពីការពិគ្រោះយោបល់ផ្នែកនយោបាយ។

សូមបញ្ជាក់ថា ចាប់តាំងពីការភ្ជាប់ទំនាក់ទំនងការទូតនៅឆ្នាំ១៩៦៥ ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អប្រសើរ ដូចដែលបានឃើញតាមរយៈ ការផ្លាស់ប្ដូរដំណើរការទស្សនកិច្ចកំរិតខ្ពស់ និងកំណើនពាណិជ្ជកម្មទៅវិញទៅមក ប្រចាំឆ្នាំ គួរឲ្យកត់សំគាល់៕