(មណ្ឌលគិរី)៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានសម្តែងនូវការខកចិត្តយ៉ាងខ្លាំង និងច្រានចោលចំពោះការចោទប្រកាន់ ពីសេចក្តីរាយការណ៍មួយចំនួនថា មានប្រជាពលរដ្ឋចំនួន៣៤គ្រួសារ មានទំនាស់ដីធ្លីរយៈពេល១០ឆ្នាំ នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា លោកមិនធ្វើការដោះស្រាយជូន ហើយនៅពេលខេត្តធ្វើការសម្របសម្រួលជូនពួកគាត់ បែរជាថាការដោះស្រាយគ្មានតម្លាភាពនិងមានអាថកំបាំង។
លោក ស្វាយ សំអ៊ាង បានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះថា ទាក់ទងការកើតមានទំនាស់ដីធ្លី នៅទីតាំងដីព្រៃខាងលើនោះ គឺបានកើតឡើងតាំងពីឆ្នាំ២០០៦ គឺកើតឡើងតាំងពីចៅហ្វាយខេត្តមុនៗចំនួន៣រូបឯណោះនៅជំនាន់លោក ឡៃ សុខា ជាអភិបាលខេត្ត លោក ចាន់ យឿន ជាអភិបាលខេត្ត និងលោក អេង ប៊ុនហ៊ាង ជាអភិបាលខេត្ត។
កាលនោះតាមលោកដឹង គឺមានក្រុមអាជីវករជាច្រើននៅក្រុងសែនមនោរម្យ និងមានបងប្អូនជាច្រើននាក់ផ្សេងទៀត នាំគ្នាទៅទិញពីបងប្អូនជនជាតិភាគតិចភ្នងនៅទីនោះ ហើយកាលណោះបងប្អូន ជនជាតិហ្នឹងឯង គឺបាននាំលួចកាប់ឆ្ការដីព្រៃរបស់រដ្ឋដែលគ្រប់គ្រង ដោយរដ្ឋបាលព្រៃឈើ និងលក់បន្តឲ្យក្រុមអាជីវករនៅមណ្ឌលគិរី មានទាំងម្ចាស់ការ៉ាស់សាំងទៀតផង បាននាំគ្នីគ្នាទៅទិញលក់ដីនៅទីនោះព្រោងព្រាត។
លោកបានបន្តថា ពេលនោះជំនាន់លោក ចាន់ យឿន នៅជាអភិបាលខេត្ត ឃើញសកម្មភាពមិនប្រក្រតីពីការឆ្កាដីព្រៃរបស់រដ្ឋ និងមានការលក់បន្តគ្នាបន្តាក់ដូចខ្យងពេក កាលនោះឆ្នាំ២០០៧ ដែលមានលោក ចាន់ យឿន បានរឹបអូសដីទំនាស់នោះដាក់បញ្ចូលក្នុងដីសហគមន៍គ្រប់គ្រង ដោយសហគមន៍វិញ។ ក្រោយមក ក្រុមអាជីវករនៅក្រុងសែនមនោរម្យខាតបង់ប្រាក់កាស បន្ទាប់មកទៀតការអូសបន្លាយនៃទំនាស់បង្កើតជារឿងរ៉ាវឡាំប៉ា មិនចប់មិនហើយ រហូតមកជំនាន់ លោក អេង ប៊ុនហ៊ាង ជាអភិបាលខេត្ត ក៏ទំនាស់នេះមិនបានធ្វើការសម្រួបសម្រួល និងដោះស្រាយនោះឡើយ គឺនៅតែបន្តអូសបន្លាយដដែលជាដដែលទៅ។
បច្ចុប្បន្ននេះ លោកផ្ទាល់ជាអភិបាលខេត្តក៏ដូចជា រដ្ឋបាលសាលាខេត្តមណ្ឌលគិរី យល់ឃើញថាដើម្បីបញ្ជៀសរាល់បញ្ហាទំនាស់រ៉ាំរ៉ៃនេះខេត្ត ក៏សម្រចធ្វើកាសម្របសម្រួល តាមគោលការរបស់ក្រសួង ចំពោះអ្នកមានដីសម្រាប់អាស្រ័យផលពិតប្រាកដនៅទីនោះ រីឯអ្នកគ្មានឈ្មោះនិងគ្មានដីនៅទីនោះមិនអាចដោះស្រាយជូនបានទេ ខាងជំនាញកំពុងធ្វើការស្រាវជ្រាវអ្នកលួចកាប់ ឆ្ការដីព្រៃរដ្ឋថ្មីៗនៅទីតាំងនោះផងដែរដើម្បីចាត់ការតាមផ្លូវច្បាប់។
លោកអភិបាលខេត្ត បានធ្វើការថ្លែងបែបចំអកដាក់បងប្អូន ឬក្រុមអាជីវករដែលនាំគ្នីគ្នា ទៅទិញដីនៅទីតាំនោះថា បងប្អូនអាជីវករទាំងនោះមិនខ្វះទេដីសម្រាប់អាស្រ័យផល គឺខ្វះតែដីសម្រាប់លក់។ ជាចុងក្រោយ លោកអភិបាលខេត្តមណ្ឌលគិរី បានជម្រាបដល់អ្នកលើកឡើងថា ដីមានទំនាស់រយៈពេល១០ឆ្នាំ ហើយលោកមិនបានដោះស្រាយជូនពួកគាត់នោះវាជារឿងខុសស្រឡះហើយ ព្រោះជំនាន់នោះលោកមិនមែនជាអភិបាលខេត្តនោះឡើយ បច្ចុប្បន្ននេះខេត្តកំពុងដោះស្រាយជូនពួកគាត់៕