(ភ្នំពេញ)៖ លោក ឌួង លាង ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងលោកស្រី ព្រមទាំងគណៈគ្រប់គ្រង បុគ្គលិក ជាន់ខ្ពស់ បានអញ្ជើញទៅសម្ពោតបើកឲ្យប្រើប្រាស់ទីលានកីឡាបាល់ទាត់ និងបើកកាដ្ឋានសាងសង់កន្លែងអង្គុយទស្សនាបាល់ទាត់នៅមជ្ឈមណ្ឌល កីឡាដ្ឋានសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប នៅឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ។

នៅក្នុងពិធីនេះ លោក ឌួង លាង បានថ្លែងថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យកីឡាសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានកសាងពហុកីឡដ្ឋានផ្ទាល់ខ្លួន នេះឡើងក្នុងគោលបំណងបណ្តុះបណ្តាលធនធានកីឡា សម្រាប់និស្សិតមហាជនជនទូទៅបានជាពិសេសនិស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងអ្នកចូលចិត្តហាត់កីឡាទាំងអស់អាចប្រើប្រាស់ទីលាននេះបានដើម្បីលើកស្ទួយវិស័យកីឡាជាតិយើងឲ្យកាន់តែ ផុសផុលខ្លាំងក្លារឹងមាំទាំងបរិមាណ និងគុណភាពសំដៅឆ្ពោះទៅកាន់ជោគជ័យនាឆ្នាំ២០២៣ ដែលកម្ពុជា យើងធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម។

លោក ឌួង លាង បានបន្តថា ការបើកអោយប្រើប្រាស់ទីលានបាល់ទាត់ និងការដ្ឋានសាងសង់នេះ គឺជាដំណាក់កាលទី១ទេដែលយើងត្រូវ ប្រើប្រាស់ទឹកប្រាក់លើការកសាងទីលានបាល់ទាត់ និងកន្លែងអង្កុយទស្សនាអស់ប្រាក់មិនតិចជាង៣៥ម៉ឺនដុល្លាឡើយ។ ហើយដំណាក់បន្តទៅទៀត យើងមានគម្រោងនឹងសាងសង់បន្ថែម នូវទីលានកីឡាបាល់ទាត់ក្នុងសាលចំនួន៣ បន្ថែមទៀតបន្ទាប់ពីបញ្ចប់ការសាងសង់ទីលានបាល់ទាត់ ដែលមានទំហ៊ំប្រហែលទៅនឹងទីលានស្តាតអូឡាំពិក ដោយយើងនឹងជំរុញឲ្យការសាងសង់នេះបញ្ចប់ក្នុង ខែមករា ឆ្នាំ២០១៨នេះ។

លោក ឌួង លាង ក៏បានឲ្យដឹងដែរថា ក្រៅពីកីឡាបាល់ទាត់នេះអាស៊ីអឺរ៉ុប ក៏មានគម្រោងសាងសង់ប្រភេទទីលានកីឡាផ្សេងៗ ទៀតដូចជា ទីលានកីឡាអត្តពលកម្មទីលានបាល់បោះទីលានបាល់ទះកីឡាវាយកូនឃ្លីលើតុ និងកីឡាប៊ីយ៉ាស្នុកឃ័រ ជាដើមហើយអាចនឹងមានបន្ថែមទៀត ទៅតាមភាពជាក់ស្តែង។

សូមបញ្ជាក់ផងដែរថាសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប គឺជាសកលវិទ្យាល័យធំមួយនៅកម្ពុជា ដែលមាននិស្សិតជិតមួយម៉ឺននាក់កំពុងសិក្សាលើកម្រិត បរិញ្ញាបត្ររង បរិញ្ញាបត្រ អនុបណ្ឌិត និងថ្នាក់បណ្ឌិត៕