(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧នេះ បានចាត់ទុកថា សេចក្តីព្រួយបារម្ភអំពីស្ថានភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលចេញដោយអង្គការសហប្រជាជាតិ កាលពីម្សិលមិញនោះ គឺធ្វើឡើងដោយពុំបានយល់ច្បាស់ អំពីស្ថានភាពជាក់ស្តែង នៅក្នុងប្រទេសកម្ពុជា។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងបន្ទាប់ពីអ្នករាយការណ៍អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោកស្រី រ៉ូណា ស្មីត (Rhona Smith) ចេញសេចក្ដីថ្លែងការណ៍ពីទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី១២ ខែតុលាថា សិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា កំពុងរងការរំលោភបំពាន ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់ដំណើរការបោះឆ្នោតជាតិខាងមុខ និងប៉ះពាល់ដល់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
តបនឹងការលើកឡើងនេះ លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា សេចក្តីថ្លែងការណ៍បែបនោះ មិនបានយល់ច្បាស់អំពីស្ថានភាពនៅកម្ពុជា ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចរក្សាបាននូវដំណើរការលទ្ធិប្រជាធិបតេយ្យ ដោយឈរលើមូលដ្ឋាននីតិរដ្ឋជាមួយនឹងវប្បធម៌ នៃរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សឡើយ។
លោកបានលើកឡើងយ៉ាងដូច្នេះថា៖ «គ្មានអ្វីប្លែកពីសេចក្តីព្រួយបារម្ភ ដែលមិនបានយល់ច្បាស់អំពីស្ថានភាពជាក់ស្តែងនៅកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចរក្សាបាននូវដំណើរការ លទ្ធិប្រជាធិបតេយ្យឈរលើមូលដ្ឋាននីតិរដ្ឋរបស់ព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងវប្បធម៌ នៃរបបលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ ខ្ញុំជឿជាក់ថា ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិអនុម័តជាឯកច្ឆ័ន្ធ ពីសំណាក់ប្រជាជាតិ ដែលជាសមាជិកនានា ដែលបានចែងថាប្រជាជាតិមានសិទ្ធិសេរីភាព ក្នុងកិច្ចសម្រេច និងទទួលខុសត្រូវ នៃជោគវាសនារបស់ខ្លួន»។
លោកបានបន្តថា «កន្លងមកប្រជាពលរដ្ឋកម្ពុជា បានតស៊ូយ៉ាងក្លៀវក្លា និងស្វិតស្វាញ នៃតំណាក់ការនីមួយៗ ចាប់តាំងពីវាលពិឃាដ ឆ្នាំ១៩៧៩ មករហូតដល់បច្ចប្បនេះ។ ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សរយៈជាង២០ឆ្នាំមកនេះ ជាមួយនឹងបរិមាណចូលរួមបោះឆ្នោត មានកម្រិតខ្ពស់ នោះបើប្រៀបធៀបជាមួយប្រជាជាតិដទៃ។ ទោះបីមានការវិវាទ នៃលទ្ធផលពីការបោះឆ្នោតពីសំណាក់គណបក្សប្រឆាំង ជាមួយនឹងការជ្រៀតជ្រែកពីបរទេស យ៉ាងណាក៏ដោយក៏កម្ពុជា នៅតែរក្សាបានសន្តិភាព សន្តិសុខ និងវិបុលភាពគួរឱ្យកត់សម្គាល់ និងមានមោទនភាពខ្ពស់របស់កម្ពុជា និង ការទទួលខុសត្រូវជោគវាសនារបស់ខ្លួន»។
ការបង្ហាញការព្រួយបារម្ភរបស់អង្គការសហប្រជាជាតិ បានធ្វើឡើងក្រោយពេលដែល សមត្ថកិច្ចកម្ពុជា បានចាត់ខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើក្បត់ជាតិ ឃុបឃិតជាមួយបរទេស ក្នុងការរៀបផែនការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ រដ្ឋសភា ក៏បានទទួលយក សំណើធ្វើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់គណបក្សនយោបាយក្នុងសភា ដែលត្រូវរំលាយ ទៅឱ្យគណបក្សផ្សេងៗផងដែរ។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដែលបានពិនិត្យ និងពិភាក្សា អំពីវិសោធនកម្មច្បាប់ទាំងនេះ កាលពីម្សិលមិញបានសម្រេចប្រគល់សេចក្តីស្នើច្បាប់ទាំងនេះ ជូនគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ មុននឹងដាក់ចូលសភាពេញអង្គអនុម័ត។
ទោះជាយ៉ាងនេះក្តីក្នុងពិធីបើកសម័យប្រជុំលើកទី៩ នីតិកាលទី៥ នៃរដ្ឋសភា កាលពីថ្ងៃទី១២ ខែតុលានោះ ព្រះមហាក្សត្រ ទ្រង់បានចេញព្រះរាជសារកោតសរសើរដល់ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយពុំបានមានបន្ទូលអំពីស្ថានភាពនយោបាយអ្វីឡើយ។ ព្រះអង្គបានមានបន្ទូលតាមព្រះរាជសារនោះថា «ខ្ញុំសូមកោតសសើរយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាល ក្នុងដំណើរការប្រកបដោយជោគជ័យ នៃការស្ដារ និងអភិវឌ្ឍប្រទេសឡើងវិញ»៕