(ភ្នំពេញ)៖ រឿងក្ដីដ៏ចម្រូងចម្រាសមួយរវាងបុរសស្ដ្រី ជាអតីតប្ដីប្រពន្ធនិងគ្នា ហើយលែងលះគ្នាប្ដឹងចែកទ្រព្យសម្បត្ដិតាំងពីសាលាដំបូង រហូតដល់តុលាការកំពូល ហើយនៅមិនទាន់ស្រុះ ស្រួលគ្នាទៀត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ តុលាការកំពូលលើកយកមកជំនុំជម្រះ ជាលើកទី២ ដោយមានសមាសភាពចៅក្រមទាំងអស់៩រូប ក្នុងនោះ លោក ឌិត មុន្ទី ប្រធានតុលាការកំពូល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះឡើងវិញ នាទឹកចុងក្រោយ។
គួរបញ្ជាក់ថា គូរភាគីជាអតីតប្ដីប្រពន្ធក្នុងសំណុំរឿងក្ដីខាងលើនេះ ប្រពន្ធមានឈ្មោះ អ៊ីវ ស្រ៊ឺ អាយុ៥៤ ឆ្នាំមានទីលំនៅផ្ទះលេខ៩៣ ផ្លូវលេខ៤៨២ ភូមិ៣សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រីឯបុរសជាអតីតប្ដីឈ្មោះ ង៉ែត សំណាង អាយុ៥៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅផ្ទះជាមួយគ្នាលើក្រោម។
ចំពោះការចាប់ផ្ដើមរស់នៅជាមួយគ្នា កាលពីដំបូងឡើយភាគីទាំង២នាក់ បានបន្សល់ទុកនូវទ្រព្យសម្បត្ដិរួមមាន ចំនួន២កន្លែងក្បែរគ្នា ដោយ មានការផ្ដិតមេដៃសុំការធ្វើជាម្ចាស់កម្មសិទ្ធិ លើដីឡូតិ៍២កន្លែង គឺដីឡូតិ៍លេខ៩៣ និងដីឡូតិ៍លេខ៤៨ ផ្លូវលេខ៤៨២ ភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ដោយមានការចុះហត្ថលេខាទទួលស្គាល់ពីលោកប្រធានភូមិ៣ លោកចៅសង្កាត់ផ្សារដើមថ្កូវ និងលោកអភិបាលខណ្ឌចំការមន យ៉ាងច្បាស់លាស់បំផុត។ ដោយយោងតាមឯកសារបញ្ជាក់របស់រដ្ឋបាល មូលដ្ឋានច្បាស់លាស់ទើបស្រ្តី ឈ្មោះ អ៊ីវ ស្រ៊ឺ បានប្ដឹងសុំចែកទ្រព្យសម្បត្ដិជា២ចំណែកស្មើៗគ្នា ទៅតុលាការសាលាដំបូងរាជធានីភ្នំពេញ នៅពេលលែងលះគ្នាដាច់ស្រាច់។
ផ្អែកតាមលិខិតគគិយុទ្ធរបស់រដ្ឋអំណាច ភូមិសង្កាត់ និងលោកអភិបាលខណ្ឌចំការមន គួបផ្សំជាមួយឯកសារយោងផ្សេងជាច្រើនចំណុច ដែលអាចបញ្ជាក់បានថា ឈ្មោះ អ៊ីវ ស្រ៊ឺ ពិតជាធ្លាប់បានលក់ ផ្ទះ និងដីពីកន្លែងផ្សេងយកលុយ មកអភិវឌ្ឍន៍លើដីរួមគ្នាជាមួយឈ្មោះ ង៉ែត សំណាង ទើបសាលាដំបូងរាជធានីភ្នំពេញ បានចេញសាលក្រមឲ្យគូរភាគីទាំង២នាក់ បែងចែកទ្រព្យសម្បត្ដិរួមជា២ចំណែកស្មើៗគ្នា រួមមានផ្ទះលេខ៤៨ ផ្លូវលេខ៤៨២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងផ្ទះលេខ៩៣ ផ្លូវលេខ៤៨២ ភូមិ៣ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន តាមអំណាចសាលក្រមលេខ៥១ "ព" ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ។
ប៉ុន្ដែចំពោះការបែងចែករបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ ង៉ែត សំណាង មិនព្រមចែក ក៏ប្ដឹងទៅសាលាឧទ្ធរណ៍។ នៅដំណាក់កាលសាលាឧទ្ធរណ៍ ស្រាប់តែសាលាឧទ្ធរណ៍សម្រេចលុបសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញចោលទាំងស្រុងតែម្ដង ជាហេតុធ្វើឲ្យស្រ្តីឈ្មោះ អ៊ីវ ស្រ៊ឺ កើតទុកមិនសុខចិត្តវិញម្តង ហើយបានឲ្យមេធាវីប្តឹងសារទុកលើសាលដីការរបស់សាលាឧទ្ធរណ៍ ទៅតុលាការកំពូល ហើយក៏ត្រូវបានតុលាការកំពូលសម្រេចក្ដីលុបចោល សាលដីកាសាលាឧទ្ធរណ៍លើចំណុចខ្លះ និងតម្កល់សាលដីការសាលាឧទ្ធរណ៍ លើចំណុចខ្លះរួចបញ្ជូនសំណុំរឿងមកសាលាឧទ្ធរណ៍ ដើម្បីធ្វើការបែងចែកឡើងវិញជាលើកទី២។
នៅដំណាក់កាលទី២សាលាឧទ្ធរណ៍ បានធ្វើការបែងចែកទ្រព្យសម្បត្ដិរួម របស់អតីតប្ដីប្រពន្ធទាំង២នាក់នេះជាថ្មីម្ដងទៀត តែតុលាការបានលើកយកមកចែកតែផ្ទះលេខ៤៨ ជា២ចំណែកស្មើៗគ្នា ដូចតុលាការសាលាដំបូងឡើងវិញ រីឯផ្ទះលេខ៩៣ តុលាការសាលាឧទ្ធរណ៍លើក ឡើងថាមិនមែនជាសមត្ថកិច្ចរបស់ខ្លួនឡើយ ដោយបានឆ្លើយទម្លាក់កំហុសទៅលើតុលាការកំពូលថា តុលាការកំពូលឲ្យសាលាឧទ្ធរណ៍លើកយកតែផ្ទះ និងដីឡូតិ៍លេខ៤៨ មកពិចារណាឡើងវិញតែប៉ុណ្ណោះ ដោយមិនឲ្យភាគីឈ្មោះ អ៊ីវ ស្រ៊ឺ និយាយរឿងផ្ទះនិងដីលេខ៩៣ឡើយ សូម្បីតែមេធាវីក៏ហើបម៉ាត់មិនរួចដែរ។
ចំពោះការសម្រេចក្ដីជាលើកទី២ របស់សាលាឧទ្ធរណ៍ គឺគូរភាគីទាំងសងខាងកើតទុកមិនសុខចិត្ដ ក៏បានប្ដឹងសារទុកទៅតុលាការកំពូលជាថ្មីម្តងទៀតដូចគ្នា ដោយសារបញ្ហានេះហើយ ទើបនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ តុលាការកំពូល បានបើកសវនការជំនុំជម្រះជាថ្មីម្ដងទៀត ហើយអាចចាត់ទុកថា ជាទឹកចុងក្រោយផងដែរ ដោយមានសមាសភាពចៅក្រមចំនួន៩រូប ជាអ្នកដេញដោលរកហេតុផល ដើម្បីផ្ដល់យុតិ្ដធម៌ជូនភាគីទាំង២ឡើងវិញ កុំឲ្យនូវបន្តប្តឹងផ្តល់គ្នាអស់សាលាក្តីនៅស្រុកខ្មែរទៅហើយ នៅមិនទាន់ចប់ទៀត។
សូមបញ្ជាក់ថា ស្ដ្រីឈ្មោះ អ៊ីវ ស្រ៊ឺ ជាស្ដ្រីមេម៉ាយ ដែលមានកូនប្រុសស្រី៤នាក់ ក្នុងបន្ទុកបានលើម្រាមដៃដប់សុំទៅ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹត្ដិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមបណ្ដាញសារព័ត៌មាន សុំឲ្យសម្ដេចទាំងទ្វេជួយអន្ដរាគមន៍ ទៅតុលាការកំពូលធ្វើយ៉ាងណាកាត់ក្ដី ប្រកបដោយភាពយុត្ដិធម៌ ជូនរូបគាត់ឡើងវិញ ដោយសុំឲ្យតុលាការកំពូល តម្កល់សាលក្រមរដ្ឋប្បវេណីលេខ៥១ "ព" ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ របស់សាលាដំបូងរាជធានីភ្នំពេញ ជូនរូបគាត់ និងកូនៗ ដើម្បីមានទីជម្រករស់នៅបានសមរម្យដូចគេឯង ព្រោះរូបគាត់គ្មានប្រាក់សម្រាប់រត់ការ សូកប៉ាន់នរណា ដូចភាគីប្ដីដែលមាន អ្នកមានម្នាក់ពាក់ផ្កាយ២យោធា នៅពីក្រោយខ្នង។ ម្យ៉ាងទៀតគាត់ក៏សង្ឃឹមថា តុលាការកំពូល ពិតជាផ្ដល់ក្ដីសង្ឃឹមដល់រូបគាត់ជាក់ពុំខានឡើយ។
សូមរំលឹកថា ការដែលសាលាឧទ្ធរណ៍សម្រេចក្ដីលុបចោលសាលក្រម តុលាការសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងខាងលើនេះ ពីតំណាក់កាលទី១នោះ គឺដោយសារឈ្មោះ ង៉ែត សំណាង បានធ្វើសៀវភៅស្នាក់នៅក្លែងដាក់ឈ្មោះ មាស ស្រីវិន ជាប្រពន្ធដើម្បីបំភ័ន្ដភ្នែកតុលាការ ធ្វើឲ្យតុលាការសាលាឧទ្ធរណ៍កាត់ក្ដី មានការភ័ន្ដច្រឡំគួបផ្សំ ជាមួយហេតុផលផ្សេងៗទៀត ដែលមិនអាចនិយាយបានព្រោះគ្មានភស្ដុតាង។ ទោះជាយ៉ាងណាក៏ បច្ចុប្បន្ននេះឈ្មោះ ង៉ែត សំណាង ក្លាយជាជនជាប់ចោទ ពីបទក្លែង ឯកសារសារធារណៈ ដែលចោទប្រកាន់ដោយតំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ តាមរយៈបញ្ជារបស់អគ្គមហាអយ្យការសាលាឧទ្ធរណ៍។
សង្ឃឹមថារឿងក្ដីខាងលើនេះ និងត្រូវបានលោក ឌិត មុន្ទី ប្រធានតុលាការកំពូលផ្ដល់យុត្ដិធម៌ ជូនគូរភាគីមិនឲ្យមានអ្នកលើស អ្នកខ្វះឡើយ គឺចែកទ្រព្យសម្បត្ដិរួមជា២ចំណែកស្មើគ្នា ដូចតុលាការសាលាដំបូងរាជធានីភ្នំពេញ ទើបចប់រឿងដើម្បីធ្វើឲ្យពលរដ្ឋមានទំនុកចិត្តលើប្រព័ន្ធតុលាការ ពិសេសតុលាការកំពូលដែលស្ថាប័នអនុវត្តច្បាប់ជាន់ខ្ពស់បំផុត នៅកម្ពុជាយើង។
នៅក្នុងសាលដីកាលេខរដ្ឋប្បវេណី១២៥ "ង" ចុះថ្ងៃទី២ ខែមេសា ឆ្នាំ២០០៩ របស់តុលាការកំពូល ក្នុងសំណុំរឿងរដ្ឋប្បវេណីលេខ៤៦៣ ចុះថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលឈ្មោះ ង៉ែត សំណាង ប្តឹងយកដី និងផ្ទះលេខ៩៣ ពីម្តាយជាមួយប្រពន្ធឈ្មោះ អ៊ីវ ស្រ៊ឺ នោះលោកឌិត មុន្ទី ជាអ្នកសម្រេចក្តីប្រគល់ដី និងផ្ទះលេខ៩៣ឲ្យ ឈ្មោះ ង៉ែត សំណាង និងប្រពន្ធក្នុងគ្រាដែល ឈ្មោះ ង៉ែត សំណាង និងឈ្មោះ អ៊ីវ ស្រ៊ឺ ជាប្តីប្រពន្ធរស់នៅផ្អែមល្ហែមជាមួយគ្នា ដោយឈ្មោះ អ៊ីវ ស្រ៊ឺ ជាស្ត្រីមេផ្ទះ។ ដូច្នេះរឿងក្តីនេះសង្ឃឺមថា លោកប្រធាន ឌិត មុន្ទី នឹងផ្តល់យុត្តិធម៌ជូនឈ្មោះ អ៊ីវ ស្រ៊ឺ ជាថ្មីម្តងទៀត ជាក់ជាពុំខានឡើយ៕