(ស្វាយរៀង)៖ ថ្លែងចេញពីទីតាំងដែលពោពេញដោយគ្រាប់បែកគីមី របស់សហរដ្ឋអាមេរិកបន្សល់ទុកនោះ ប្រមុខការពារជាតិកម្ពុជា សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សហរដ្ឋអាមេរិក មិនបានចូលរួមសហការដោះស្រាយបញ្ហាគ្រាប់បែកគីមីរបស់ខ្លួន នៅឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលកំពុងបំផ្លាញសុខភាពប្រជាជនខ្មែរនៅតំបន់យ៉ាងខ្លាំង, តែទោះបីយ៉ាងណាប្រមុខការពារជាតិកម្ពុជា បានអះអាងថា យ៉ាងណាក៏ដោយកម្ពុជាខ្លួនឯង នឹងព្យាយាមបោសសំអាតគ្រាប់បែកគីមី ដែលបន្សល់ដោយអាមេរិកនេះឲ្យអស់ចេញពីឃុំគគីរ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា «យើងពិតជាអាក់អន់ចិត្តខ្លាំងណាស់ ដែលគេមកបំផ្លិចបំផ្លាញប្រទេសយើងហើយ មិនសហការចូលរួមដោះស្រាយ ហើយនៅមិនអស់ចិត្តទៅបង្គាប់បញ្ជាឲ្យអ្នកផ្សេងចង់មកបំផ្លាញប្រទេសយើងទៀត»។
ការថ្លែងបែបនេះរបស់ប្រមុខការពារជាតិកម្ពុជា ធ្វើឡើង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ខណៈដែលសម្តេចពិជ័យសេនា ទៀ បាញ់ អមដំណើរដោយមន្រ្តីក្រសួងការពារជាតិ និងមន្រ្តីជាន់ខ្ពស់នៃកង កម្លាំងប្រដាប់អាវុធជាច្រើនរូប បានធ្វើដំណើរចុះមកដល់តំបន់គ្រាប់បែកគីមីអាមេរិក ដែលបន្សល់ទុកពីសម័យសង្រ្គាម ស្ថិតនៅក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។
ដំណើរចុះមកកាន់តំបន់គ្រាប់បែកគីមីអាមេរិក របស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងចំពេលដែលគ្រាប់បែកគីមីសល់ពីសម័យសង្រ្គាម ជាច្រើនគ្រាប់ត្រូវបានរកឃើញជាបន្តបន្ទាប់។
សូមបញ្ជាក់ថា កម្លាំងអាជ្ញាធរជាតិអាវុធគីមី និងកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរកឃើញវត្តមានគ្រាប់ បែកគីមីបន្សល់ពី សម័យសង្រ្គាមរហូតដល់ ១៥ទីតាំងហើយនៅក្នុងឃុំគគី។ តាមការប៉ាន់ស្មានអាចនឹងមានគ្រាប់បែកជាច្រើនទៀត បន្សល់នៅក្នុងឃុំនេះ ដែលមិនទាន់រកឃើញនៅឡើយ។
ជាមួយគ្នាក្រសួងសុខាភិបាល ក៏បានរកឃើញកុមារតូចៗ៣នាក់ផងដែរ បានរងឥទ្ធិពលគ្រាប់បែកគីមីរបស់អាមេរិក រហូតធ្វើឲ្យពួកគេកើត មកមានភាពមិនប្រក្រតីដូចជាមាត់វៀច ក្បាលធំ និងរមាស់ពេញខ្លួនជាដើម។ កុមារទាំង៣នេះ នឹងត្រូវយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ក្រោមការតាមដានពិនិត្យផ្ទាល់ពីក្រសួងសុខាភិបាល។
ទន្ទឹមជាមួយការរកឃើញកុមារកើតមកមានភាពមិនប្រក្រតីនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចបង្កើតមណ្ឌលសុខភាពមួយ នៅលើតំបន់រងការវាយប្រហារដោយគ្រាប់បែកគិមីនេះ ដើម្បីផ្តល់សេវាពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
សូមរំលឹកដែរថា ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលមានព្រំដែនជាប់ជាមួយប្រទេសវៀតណាម គឺជាទីតាំងទម្លាក់គ្រាប់បែក យ៉ាងខ្លាំងក្លាមួយនៅក្នុង សម័យសង្រ្គាមវៀតណាម។ គ្រាប់បែកជាច្រើនប្រភេទ រួមទាំងគ្រាប់បែកគីមីផង បានបន្សល់មកដល់ពេលបច្ចុប្បន្ននេះ។
កងកម្លាំងអាជ្ញាធរជាតិគិមី និងកងកម្លាំងមជ្ឈមណ្ឌលបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះ បានបើកប្រតិបត្តិការបោសសំអាតគ្រាប់បែកគីមីរបស់អាមេរិក នៅក្នុងឃុំគគីរ ចាប់តាំងពីដើមខែតុលា នេះមកម្ល៉េះ។ មកដល់ពេលនេះមានគ្រាប់បែកគីមីមួយគ្រាប់ ហើយត្រូវបានយកចេញពីក្នុងដី ទៅរក្សានៅកន្លែងសុវត្ថិភាពមួយ។ កងកម្លាំងជំនាញ ក៏នឹងបន្តបោសសំអាតគ្រាប់បែកគិមីនេះ រហូតដល់ អស់ពីក្នុងភូមិឋានរបស់ប្រជាពលរដ្ឋ៕