គ.ជ.ប៖ ប្រជាពលរដ្ឋខ្មែរជិត៣៦ម៉ឺននាក់ បានទៅចុះឈ្មោះបោះឆ្នោតថ្មី ខណៈអ្នកត្រូវលុបឈ្មោះមានជិត៤ពាន់នាក់
13-10-2017 10:00
(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានប្រជាពលរដ្ឋទៅចុះឈ្មោះជិត ៣៦ម៉ឺននាក់ហើយ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញមានចំនួន ៣,៦៩០នាក់ និងអ្នកខុសកែតម្រូវមានចំនួន ៣,២៨៩នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី១៣ ខែតុលានេះ។
គ.ជ.ប បានឲ្យដឹងថា ដំណើរការបើកឲ្យចុះឈ្មោះបោះឆ្នោត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋខ្មែរចំនួន ៣៥៦,៣៨២នាក់ហើយ បានទៅចុះឈ្មោះបោះឆ្នោត។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់៕