(ភ្នំពេញ)៖ មុននឹងចាប់ផ្តើមនិយាយអំពីជម្រើសរបស់នគរខ្មែរ យើងគួរចាប់ផ្តើមឆ្លើយដោយភាពប្រាកដនិយមទៅនឹងសំណួរថា តើកម្ពុជាជាគោលដៅនៃការ ផ្លាស់ប្តូររបបដឹកនាំតាមបែបបដិវត្តន៍ពណ៌ ដោយអាមេរិកដែរឬទេ? សំណួរនេះបានកើតឡើង បន្ទាប់ពីការបែកធ្លាយវីដេអូឃ្លីប ដែលក្នុងនោះ មេដឹកនាំបក្ស ព្រះអាទិត្យបាននិយាយយ៉ាងច្បាស់ និងប្រកបដោយអំនួតអំពីផែនការ សម្ងាត់ក្នុងការផ្តួលរំលំរបបដឹកនាំកម្ពុជា តាមការបង្គាប់បញ្ជារបស់អាមេរិក ដោយយកគំរូនៃការធ្វើបដិវត្តន៍ពណ៌ នៅអតីតប្រទេសយូហ្គោស្លាវី។

សំណួរនេះក៏បានកើតឡើង បន្ទាប់ពីព្រឹត្តិការណ៍ នៃការប្រមូលផ្តុំមនុស្សធ្វើបាតុកម្មទ្រង់ទ្រាយធំ ដែលបក្សព្រះអាទិត្យ បានហៅថា ជាមហាបាតុកម្ម បន្ទាប់ការចោទប្រកាន់អំពីភាពមិនប្រក្រតីនៃការបោះឆ្នោត ដើម្បីបដិសេធលទ្ធផលនៃការបោះឆ្នោត។ សំណួរនេះក៏បានកើតឡើង បន្ទាប់ពីមេដឹកនាំបក្សព្រះអាទិត្យ បាននិយាយជាច្រើនលើកអំពីផែនការផ្តួលរំលំបក្សទេវតា ដោយនិយាយអំពីរបៀបធ្វើតាមបែបបដិវត្តប្រជាជន។ សំណួរនេះបានកើតឡើងបន្ទាប់ពីបក្ស ព្រះអាទិត្យបានបញ្ជូនយុវជនរបស់ខ្លួនទៅបរទេស ដើម្បីទទួលការបណ្តុះបណ្តាលមេរៀនអំពីរបៀបធ្វើបដិវត្តន៍ពណ៌ ដែលបង្រៀនដោយអង្គការ Canvas ដែលល្បីល្បាញខាងការធ្វើបដិវត្តន៍ពណ៌នៅក្នុងពិភពលោកកន្លងមក?

មេរៀននៃការធ្វើបដិវត្តន៍ពណ៌ទាំងនេះ មានជាវីដេអូជាច្រើនវគ្គ មានការពន្យល់យ៉ាងល្អិតល្អន់ ដែលមានបកប្រែជាភាសាខ្មែរ ហើយបង្ហោះផ្សាយតាមអ៊ិនធើណែត ក្នុងគោលដៅបំផុសយុវជនខ្មែរក្នុង ស្រុកបន្ថែមទៀត។ សំណួរនេះបានកើតឡើងបន្ទាប់ពីមានភស្តុតាងយ៉ាងច្បាស់លាស់អំពីតួនាទីស្នូលរបស់អាមេរិក ក្នុងការដឹកនាំ និងចាត់តាំងអនុវត្តការធ្វើបដិវត្តពណ៌ ឬផ្លាស់ប្តូររបបដឹកនាំនៃរដ្ឋបរទេស។ ភស្តុតាងនេះមានការទទួលស្គាល់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីទី ៤៥ របស់អាមេរិក ដែលបានបង្ហាញនូវនយោបាយថ្មីរបស់អាមេរិក ក្នុងការបញ្ឈប់ដើរផ្តួលរំលំរបបដឹកនាំនៃរដ្ឋបរទេស។ សំណួរនេះបានកើតឡើងបន្ទាប់ពីតួអង្គ សំខាន់ៗនៃការធ្វើបដិវត្តន៍ពណ៌បានមកដល់ និងមានវត្តមាននៅកម្ពុជា ហើយអាមេរិកបានវិនិយោគជាច្រើនដោយផ្តល់លុយរាប់រយលានដុល្លារ ទៅអង្គការមិនមែនរដ្ឋាភិបាល ដើម្បីធ្វើសកម្មភាពញុះញង់ និងបំផុសចលនាប្រជាជនជាដុំជាដុំ ដើម្បីប្រឆាំងរដ្ឋអំណាចក្រោមផ្លាកសិទ្ធិមនុស្ស។ សំណួរនេះ បានកើតឡើង បន្ទាប់ពីបានមើលឃើញតួនាទីស្នូលរបស់ទូតអាមេរិកនៅកម្ពុជា ដែលសកម្ម និងលូកដៃជ្រៅ ក្នុងកិច្ចការងាររបស់នគរខ្មែរ ដូចជា ការបង្កើតក្រុមប្រឹក្សាយុវជនកម្ពុជា និងការចំណាយលុយ ដើម្បីផ្សាយពាណិជ្ជកម្មហ្វេសប៊ុករបស់ទូតអាមេរិក នៅកម្ពុជា។ សំណួរនេះ បានកើតឡើង បន្ទាប់ពីមានរឿងវិនាសកម្មជាច្រើនបានកើតឡើង នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីការធ្វើបដិវត្តពណ៌បរាជ័យ។

ផែនការនៃការធ្វើបដិវត្តពណ៌ ដើម្បីផ្តួលរំលំរបបដឹកនាំរបស់ប្រទេសមួយ វាកិច្ចការរដ្ឋ ដែលត្រូវលាក់ការណ៍ជាសម្ងាត់ ហើយនេះជារឿងធម្មតា។ វាជារឿងធម្មតាដែរ ដែលបញ្ញាវន្តខ្មែរខ្លះ និងយុវជនខ្មែរខ្លះ ដែលមិនអាចដឹងអំពីផែនការសំងាត់ទាំងនេះ ហើយវិភាគយល់ឃើញអំពីគុណសម្បត្តិដ៏ធំធេងរបស់ អាមេរិកចំពោះកម្ពុជា ក្នុងការលើកកំពស់ប្រជាធិបតេយ្យ ហើយភ្លេចនឹកឃើញអំពីរឿងអាមេរិក ដែលបានបង្កសង្រ្គាម និងទំលាក់គ្រាប់បែកលើក្បាលខ្មែរ ក្នុងដីខ្មែរ ក្នុងអតីតកាល។ វាក៏ជារឿងធម្មតាដែរ ដែលបញ្ញាវន្តខ្លះ និងយុវជនខ្មែរ ភ្លេចសំឡឹងមើលនគរក្បែរខាងរបស់នគរខ្មែរដែលរស់នៅបានដោយសុខសាន្ត និងដោយរីកចម្រើន ដោយគ្មានបក្សប្រឆាំងដែលប្រឆាំងអុកឡុកដើម្បីអំណាច។ នគរក្បែរខាងកម្ពុជា មិនទាន់មាននគរណាមួយអវសានឡើយ។ ជម្រើសនគរខ្មែរ គឺត្រូវកំណត់អាទិភាពនៃតំលៃជាតិ ជីវិតជាតិ។ សន្តិភាព គឺជាជីវិតជាតិ ដែលគួរត្រូវការពារអោយបានដាច់ខាត បន្ទាប់មក ប្រជាធិបតេយ្យសេរី បន្ទាប់មក កសាងនគរមួយដែលរុងរឿង. . . ។ មានរឿងនយោបាយជាច្រើនដែលបញ្ញាវន្ត និងយុវជនខ្មែរខ្លះមិនបានដឹង តើបក្សភ្លើងទៀន និងបក្សលោកខែ ចូលគ្នាជាបក្សព្រះអាទិត្យដោយសារតែ ការផ្តួចផ្តើមរបស់ខ្មែរ ឬដោយសារបរទេស ចាប់ឱ្យបញ្ចូលគ្នា?

នគរខ្មែរបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនគឺពោរពេញ ដោយសន្តិភាព សេចក្តីសុខ និងការអភិវឌ្ឍ។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ននេះគឺ ចេញពីការអនុវត្តនយោបាយឈ្នះ-ឈ្នះរំលាយអង្គការចាត់ តាំងនយោបាយនិងយោធាខ្មែរក្រហមទទួលបានជោគជ័យនៅចុងឆ្នាំ ១៩៩៨។ កម្ពុជាបានដើរចេញ ពីអតីតកាលដ៏ សោកសៅដែលពោរពេញដោយសង្គ្រាមហែកហួរ អំពើប្រល័យពូជសាសន៍ ការសង សឹកគ្នា អសន្តិសុខ។ ប្រជាជនរស់នៅក្នុងស្ថានភាពសន្តិភាពផងសង្គ្រាមផង និងរងនូវ ទណ្ឌកម្មសេដ្ឋកិច្ច និងពោរពេញដោយភាពក្រីក្រ។ ប៉ុន្តែពេលនេះកម្ពុជាពិតមិនដូចអ្វី នៅលើទំព័រ សារព័ត៌មានបរទេស និងជនបរទេសមួយចំនួននោះឡើយ។ កម្ពុជាពេលនេះពោរពេញដោយការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជាង ៧%ក្នុងមួយឆ្នាំបានក្លាយជាកូន ខ្លានៅអាស៊ី និងជាប្រទេសដែលបានកាត់បន្ថយភាពក្រីក្របានយ៉ាងច្រើនពី ១០០%នៅ ឆ្នាំ ១៩៧៩ មកនៅត្រឹមជាង ១០%នៅឆ្នាំ២០១៦ ហើយកម្ពុជាបាន ចាកពីប្រទេសមានចំណូលកម្រិតទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។ កម្ពុជាបានប្រែពី ប្រទេសដែលទទួលទាហានមួកខៀវអង្គការ សហប្រជាជាតិមកជាប្រទេសបញ្ជូនកងទ័ព មួកខៀវក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិក្នុងបេសកកម្មមនុស្សធម៌។

ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជានឹងការពារឱ្យបាននូវសន្តិភាព និងការអភិវឌ្ឍដែលខ្លួនមាន មិនឱ្យក្រុមជនក្បត់ជាតិបំផ្លាញបានឡើយ។ កម្ពុជារងគ្រោះ គ្មានបរទេសណារងគ្រោះជាមួយឡើយ! អតីតកាលនៃប្រទេសកម្ពុជាបានបង្ហាញនូវសោកនាដកម្មយ៉ាងជូរចត់ដោយសារតែការលូកដៃរបស់បរទេសក្នុងកិច្ចការ ផ្ទៃក្នុងខ្មែរក្នុងនោះ សម័យសាធារណរដ្ឋខ្មែររបស់សេនាប្រ មុខ លន់ នល់ ជាឧទាហរណ៍ស្រាប់ដែលធ្វើឱ្យខ្មែររងការបំផ្លាញខ្ទេចខ្ទី ដោយសារតែគ្រាប់បែកចង្កោម និងគ្រាប់បែកគីមីរបស់អាមេរិក។ ពេលនេះការលុបបំបាត់បក្សប្រឆាំងឧទ្ទាម ក្នុងប្រជាធិបតេយ្យនៅកម្ពុជាគឺជាភាពចាំបាច់ដើម្បីការពាររដ្ឋធម្មនុញ្ញ សន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។ កម្ពុជារឹងមាំជានិច្ចនៅចំពោះមុខនៃការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួនពីសំណាក់បរទេសមួយចំនួន និងប្រឆាំងដាច់ខាតការទាញកម្ពុជា ទៅធ្វើអាយ៉ងបរទេសដូចដែលបក្សសង្គ្រោះជាតិអនុវត្ត។ ហេតុដូច្នេះការធ្វើវិសោធនកម្មដើម្បីប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ការប្តឹងរំលាយបក្សសង្គ្រោះជាតិគឺជាការកម្ចាត់ប្រភពជនក្បត់ជាតិ និងរកអ្នកទទួលខុសត្រូវចំពោះទង្វើក្បត់កម្ពុជានេះ!
កម្ពុជាផ្តល់នូវបរិយាកាសអំណោយផល និងប្រកបដោយសុវត្ថិភាពជូនប្រជាជនកម្ពុជា ដើម្បីអនុវត្តនូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការប្រមូលផ្តុំដែល គោរពតាមច្បាប់មានជាធរមាន។ កម្ពុជាប្រឆាំងដាច់ខាតការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរូបភាពបដិវត្តន៍ពណ៌។ អរគុណបរទេសទាំងឡាយដែលបារម្ភពីខ្មែរ ប៉ុន្តែក្រោយរំលាយបក្សសង្គ្រោះជាតិ លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសេរីភាពនៅកម្ពុជានឹងបោះជំហានទៅមុខលឿនជាងនេះ ព្រោះបក្សក្បត់ជាតិត្រូវបាន ដួលរលំ គ្មានអ្នកបំផ្លាញជាតិដើម្បីបរទេសទៀតឡើយ។ កម្ពុជាកំពុងមានវិស័យព័ត៌មានដ៏រស់រវើក សង្គមស៊ីវិលដែលសកម្ម និងគណបក្សនយោបាយមានតួនាទី សកម្មក្នុងការការពារជាតិ ការពារសន្តិភាព និងការអភិវឌ្ឍនិងជឿជាក់ថា ជាសង្គមប្រជាធិបតេយ្យមួយនៅលើពិភពលោក។

ដូច្នេះជម្រើសនគរខ្មែរ ជាជម្រើសជាតិ ជម្រើសសន្តិភាព និងប្តេជ្ញាចិត្តបន្តលើផ្លូវប្រជាធិបតេយ្យសេរីពហុបក្ស ដែលមិនបំផ្លាញសន្តិភាពដើម្បីជាតិមានជីវិត និងដើរទៅមុខជានិច្ច។ ប្រជាធិបតេយ្យគ្មាននីតិរដ្ឋ គឺអនាធិបតេយ្យ។ នីតិរដ្ឋក៏ជាមធ្យោបាយតែមួយគត់ ដើម្បីបញ្ចប់បដិវត្តន៍ពណ៌ មុនពេលកម្ពុជាត្រូវបានបំផ្លាញ ដោយដៃបក្សព្រះអាទិត្យ ធ្លាក់ចូលទៅក្នុងវិនាសកម្ម ដូចនៅស៊ីរី ឬលីបី៕

ដោយ៖ ចៅចាក់ស្មុក