គោរពច្បាប់ចរាចរណ៍ បើកបរត្រឡប់មកផ្ទះវិញដោយសុវត្ថិភាព! គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃម្សិលមិញគ្មានអ្នកស្លាប់ទេ មានតែរបួស៦នាក់ !
13-10-2017 07:40
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក បណ្ដាលឲ្យរបួសស្រាល២នាក់ និងរបួសធ្ងន់៤នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៤លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន៣គ្រឿង រថយន្តតូច៥គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន និងស្រវឹង។
សូមបញ្ជាក់ថា រយៈពេល១២ថ្ងៃ ខែតុលា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៨៩លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៣៣នាក់ របួសធ្ងន់ចំនួន៨៧នាក់ និងរបួសស្រាលចំនួន៣១នាក់៕