(សៀមរាប)៖ ក្តីសង្ឃឹមនៃការទន្ទឹងរង់ចាំអស់រយៈពេល ៤៤ឆ្នាំ បានក្លាយជាការពិតហើយ ដែលនេះជាករណីជួបជុំគ្រួសារឡើងវិញក្រោយការនិរាសព្រាត់ប្រាសដោយសារសង្គ្រាមស៊ីវិលពីអតីតកាល ក្នុងវ័យ ១៣ឆ្នាំ និងបងប្រុសដែលមានអាយុ ៣២ឆ្នាំ ក្នុងឆ្នាំ១៩៧៣។
ដោយមានការជួយស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នៅថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៧ នេះ លោកស្រី វង ហ៊ាង អាយុ ៥៧ឆ្នាំ រស់នៅភូមិច្រោក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានជួបជុំជាមួយបងប្រុសបង្កើតឈ្មោះ វង ណាប់ អាយុ ៧៦ឆ្នាំ បងថ្លៃស្រីពីរនាក់ និងក្មួយស្រីម្នាក់ ដែលកំពុងរស់នៅភូមិកាទូ ឃុំដានរុន ស្រុកសូត្រនិគម ខេត្តសៀមរាប។
ការព្រាត់ប្រាសគ្នាអស់រយៈពេលជាច្រើនឆ្នាំដោយមិនដឹងដំណឹងថានៅទីណា ស្លាប់ឬរស់ និងក្តីសង្ឃឹមថារកឃើញមានតិចតួចបំផុត ហើយស្រាប់តែបានជួបគ្នាវិញក្នុងជីវិតវ័យចុងក្រោយ បានធ្វើឱ្យសាច់ញាតិជាទីស្រឡាញ់របស់បង ប្អូន មីង ក្មួយ ចំនួន ៥នាក់ រំភើបក្តុកក្តួលរហូតបង្ហូរទឹកភ្នែកដាក់គ្នា ដែលស្តែងចេញពីអារម្មណ៍រកអ្វីប្រៀបផ្ទឹមពុំបាន និងមិនធ្លាប់មានពីមុនមក ព្រមទាំងដឹងគុណជានិច្ចចំពោះកាកបាទក្រហមកម្ពុជា។
ជាកាដូសម្រាប់ការជួបជុំគ្នានៃគ្រួសារដែលបានជីវភាពលំបាកមួយនេះ កាកបាទក្រហមកម្ពុជា បានឧបត្ថម្ភគ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់រួមមាន ៖ អង្ករ មី ត្រីខ មុង ភួយ សារុង ក្រមា និងថវិកាមួយចំនួន។
សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា មានសេវាកម្មស្រាវជ្រាវរកគ្រួសារដោយឥតតិតថ្លៃ ផ្តល់ក្តីសង្ឃឹម និងជួយបង-ប្អូន ដែលបែកបាក់ ព្រាត់ប្រាសគ្នា ដោយសារសង្គ្រាម ឱ្យបានជួបជុំគ្នាឡើងវិញ៕