(កំពង់ស្ពឺ)៖ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ សមាជិកសមាជិកា នៃក្រុមអ្នកគាំទ្រគណបក្សប្រជាជន លើបណ្តាញទំនាក់ទំនងសង្គមហ្វេប៊ុក ក្នុងខេត្តកំពង់ស្ពឺ​ បានជួបពិភាក្សាគ្នា ក្រោមវត្តមានលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត លោក ជុំ កុសល ជំនួយការ ផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានកិត្តិយ ស ស.ស.យ.ក លោក ប៉ាត់ ខែមប៊ុនថន ប្រធានសម្ព័ន្ធក្រុមយុវជន ស្រឡាញ់សន្តិភាព។

លោក វ៉ី សំណាង បានថ្លែង ទៅកាន់តំណាងក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជិត១ពាន់នាក់ ថាដោយសារតែការគាំទ្ររបស់បងប្អូន អ្នកគាំទ្ររួមទាំងបានបកស្រាយទៅកាន់អ្នកមើលហ្វេប៊ុក បានយល់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

លោក វ៉ី សំណាង បានបន្តថា សូម្បីពន្លឺព្រះចន្ទថ្ងៃ១៥កើត ក៏មិនតម្រូវចិត្តមនុស្សលោកយើងមិនបានដែរ (ត្រូវចិត្តពលរដ្ឋអ្នកល្អខុសចិត្តពួកចោរ ដោយសារតែពន្លឺខ្លាំង) ចុះទម្រាំរាជរដ្ឋាភិបាលមើលថែរបងប្អូនប្រមាណជាង១៤លាននាក់ រួមទាំងធ្វើការអភិវឌ្ឍន៍ និងគិតគូរពីសុខទុក្ខថែមទៀត។ ហើយលោកអភិបាលបានសសើរចំពោះអ្នកគាំទ្រថា គាំទ្រដោយស្មោះត្រង់ ហ៊ានចំណាយគ្រប់បែបយ៉ាងចំពោះគណបក្សប្រជាជន បម្រើទាំងចិត្ត កាយ និងទ្រព្យធនក្នុងប្រើប្រាស់បណ្តាញសង្គមវាយបកទៅលើ ពួកជនអគតិដែលគាំទ្រផ្កាបមុខមកលើគណបក្សប្រជាជន។

លោក វ៉ី សំណាង បានបញ្ជាក់ថា ក្រុមអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមហ្វេបុក គាំទ្រគណបក្សប្រជាជន ដែលបានបង្កើតឡើងនេះ គឺសម្រាប់ការពារការមួលបង្កាច់ ពីក្រុមប្រឆាំង និងរដ្ឋាភិបាល និងសម្រាប់ធ្វើការបកស្រាយរាល់ការប៉ុនប៉ងបង្ខួច កេរ្តិ៍ឈ្មោះគណបក្សប្រជាជន ដោយប្រើប្រាស់បណ្តាញសង្គមនេះ ដើម្បីបំពុលដល់ប្រជាជន និងក្រុមយុវវ័យជាពិសេសទៀតនោះ គឺសសេរបំផ្លើសការពិត និយាយគ្មានវិជ្ជាជីវៈ។ ហើយការង្កើតក្រុមអ្នកគាំទ្រ តាមបណ្តាញសង្គមនេះ គឺគណបក្សប្រជាជនមានបំណងតែម៉្យាងគឺការពារភាពស្អាតស្អំរបស់គណបក្សប្រជាជនដែលជន អគិតិតែងតែបំភ្លៃ ក្រឡៃ លាបពណ៌ និងបកស្រាយបំផ្លើសការពិតមកលើគណបក្សប្រជាជនយ៉ាងសកម្មពីក្រុមអ្នកគាំទ្របក្សសង្គ្រោះជាតិកន្លងមក។

លោក ប៉ាត់ ខែមប៊ុន បានថ្លែង ពីជំហរគាំទ្រគណបក្សប្រជាជន ដោយអ្នកប្រើប្រាស់បណ្តាញសង្គម របស់អ្នកខេត្តកំពង់ស្ពឺ ថាពិតជារួមគ្នាការពារដល់ រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនហើយការការពារ គឺធ្វើឡើងទៅតាមអ្វី ដែលការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលពិតៗ។

លោក ជុំ កុសល បានថ្លែងថា ការបង្កើតឡើងក្រុមអ្នកលេងបណ្តាញសង្គមហ្វេបុក គាំទ្រគណបក្សប្រជាជននេះ គឺសម្រាប់ការពារដាច់ខាតចំពោះ ព័ត៌មានបរិហាមកលើការដឹកនាំរបស់គណបក្សប្រជាជន ដែលពលរដ្ឋបានបោះឆ្នោត ជូនក្នុងការដឹកនាំប្រទេស។ ក្រុមអ្នកលេងបណ្តាញសង្គមនេះ ទុកសម្រាប់វាយបកចំពោះការបំពុលព័ត៌មានទៅក្រៅប្រទេសដោយជនគាំទ្រផ្កាប់មុខ នៃមន្ត្រី CNRP ដែលតែងតែបានលើកឡើងពីកម្ពុជា ហាក់អាក្រក់ខ្លាំងហួសហេតុដែលយើងមិនអាចទទួលយកបាន៕