(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានអះអាង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះថា អង្គការសុខភាពពិភពលោក បានទទួលស្គាល់ថា កម្ពុជាបានលុបបំបាត់ជំងឺត្រាក់កូម ដែលជាជំងឺភ្នែកកើតឡើងដោយការឆ្លងមេរោគបាក់តេរីក្លាមីដ្យា ត្រាកូម៉ាទីស វាជាជំងឺឆ្លងនាំមុខគេនៅលើពិភពលោក ដែលបណ្ដាលឲ្យអ្នកជំងឺងងឹតភ្នែក ពិសេសក្មេងតូចៗ។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៦៨ របស់គណកម្មការអង្គការសុខភាពពិភពលោក តំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងប្រីសស្បែន ប្រទេសអូស្ដ្រាលី អង្គភាពសុខភាពពិភពលោក បានប្រគល់លិខិតបញ្ជាក់ពីការលុបបំបាត់ជំងឺត្រាក់កូម នៅកម្ពុជាជូនក្រសួងសុខាភិបាល ដែលទទួលយកដោយ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងលោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។

លោកវេជ្ជបណ្ឌិត លូវ យ៉ុងហ្គ័រ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា ការទទួលបានលិខិតបញ្ជាក់នាពេលនេះ គឺបញ្ជាក់ពី សមិទ្ធផលថ្មីមួយទៀត ដែលសម្រេចបាននៅក្នុងវិស័យសុខាភិបាលកម្ពុជា។ ការចម្លងជំងឺត្រាក់កូមបង្កផលប៉ះពាល់ម្ដងហើយម្ដងទៀតដល់កុមារ និងសហគមន៍ ក៏ដូចជាឈានទៅរកការងងឹតភ្នែកដែលមិនអាចព្យាបាលបាន៕