(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ អញ្ជើញប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ របស់លោក ម៉ក់ សំភារ ជាអភិបាលស្រុកបាគង ជំនួសលោក ភូ សំអាត ដែលត្រូវបានផ្ទេរភារកិច្ចទៅកាន់អភិបាលស្រុកវ៉ារិន។
លោក ឃឹម ប៊ុនសុង បានលើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធីបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹង តម្រូវការនៅមូលដ្ឋាន។
លោកក៏បានបញ្ជាក់ថា តាមច្បាប់ក្រឹត្យក្រមរបស់មន្ត្រីរាជការគ្រប់រូប ដែលបានបម្រើការងារហើយបានគ្រប់អាយុ សំខាន់ក្នុងជួរគណៈអភិបាល ត្រូវមានអាណត្តិកំណត់ និងចូលនិវត្តន៍ មិនថាថ្នាក់ដឹកនាំ មន្ត្រីបុគ្គលិកឡើយ ហើយការប្រកាសចូលកាន់តំណែងជាអភិបាលស្រុកប្រាសាទបាគងនេះ ក៏មានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ចំពោះមន្ត្រី ថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការបម្រើជាតិមាតុភូមិ។
ដើម្បីបញ្ជាក់ជាសក្ខីភាពឆ្លើយតបទៅនឹងទំនុកចិត្តរបស់ថ្នាក់ដឹកនាំក្រសួង គណៈអភិបាលខេត្ត ដែលបានផ្តល់នូវជំនឿទុកចិត្ត ចំពោះលោកអភិបាលស្រុក ដែលមកទទួលភារកិច្ចស្រុកថ្មី លោកអភិបាលខេត្ត ក៏បានធ្វើការផ្តាំផ្ញើ ត្រូវខិតខំបំពេញការងារទ្វេដង ដោយស្មារតីយកចិត្តទុកដាក់ នឹងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បញ្ញាញាណ និងប្រាជ្ញាស្មារតី ដើម្បីបំពេញការងារជូនតម្រូវការរបស់ប្រជាជនឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត។
ម៉្យាងទៀតត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងមហាផ្ទៃ និងសេចក្តីណែនាំរដ្ឋបាលខេត្ត ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ពិសេសចូលរួមអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល និងគោលនយោបាយចាត់តាំង នឹងដឹកនាំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង ជួរគណៈអភិបាល ក្រុមប្រឹក្សា និងមន្ត្រីក្រោមឱវាទ៕