(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានស្នើទៅអាជ្ញាធរមានសមត្ថកិច្ច ជួយបង្កើនរឹតបណ្តឹងកន្លែងកុងស៊ីបញ្ចាំ និងទទួលផលចោរកម្ម បន្ទាប់ពីប្រជាពលរដ្ឋមួយចំនួន បានបាត់បង់ទ្រព្យសម្បត្តិរបស់ខ្លួនជាច្រើន ដោយសារក្រុមចោរលួចយកទៅទៅលក់ ឬបញ្ចាំ​នៅកន្លែងកុងស៊ី ជាពិសេសកន្លែងដែលទទួលទិញផលចោរកម្មតែម្តង។

ប្រជាពលរដ្ឋរងគ្រោះម្នាក់សុំមិនបញ្ចេញឈ្មោះ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា កាលពីពេលថ្មីៗនេះ កញ្ចក់រថយន្តរបស់ ​គាត់ត្រូវចោរកាច់យកទៅលក់បាត់ ស្រាប់តែគាត់ទៅទិញកញ្ចក់រថយន្តយកមកដាក់ ស្រាប់តែប៉ះកញ្ចក់រថយន្តរបស់ខ្លួននៅកន្លែងកុងស៊ី បញ្ចាំ នៅពេលនោះគាត់ប្រាប់ថា កញ្ចក់រថយន្តនេះជារបស់គាត់ស្រាប់តែ ម្ចាស់កុងស៊ីបញ្ចាំប្រាប់ថា កញ្ចក់រថយន្តនេះគាត់បានទិញពីអ្នកផ្សេងទៅវិញ។

ពលរដ្ឋរងគ្រោះដដែលបានបន្តថា ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ច មិនរឹតបណ្តឹងលើកន្លែងសុងស៊ីបញ្ចាំនោះទេ ប្រាដកជាកើតអំពើចោរកម្ម កាន់តែច្រើន ជាពិសេសធ្វើប្រជាពលរដ្ឋបាត់បង់នូវទំនុកចិត្ត លើសមត្ថកិច្ចរបស់ខ្លួនដែលមិនបានរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនពួកគាត់។ ទាំងនេះហើយបានបង្ហាញការមិនទទួលខុសត្រូវ ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម ដូចជា៖ ករណីចោរលួច ចោរប្លន់ ក្រោយពេលធ្វើសកម្មភាពបានហើយ គឺមិនមានឯកសារលើទ្រព្យសម្បត្តិនោះទេ ហើយកុងស៊ីខ្លះ គឺជាអ្នករកស៊ីទទួលបញ្ចាំ និងទិញផលចោរកម្មនេះ។

ពលរដ្ឋសុំឲ្យសមត្ថកិច្ច និងមន្រ្តីតុលាការចាត់វិធានការចំពោះម្ចាស់កុងស៊ីបញ្ចាំឲ្យខ្លាំង ពីព្រោះពួកគេក៏មានទោស ដូចចោរផងដែរ ពោលទិញរបស់ចោរកម្មគ្មានឯកសារត្រឹមត្រូវ។

សូមបញ្ជាក់ថា ក្រោយពេលឡើងកាន់ដំណែងថ្មីៗ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសង្កត់ធ្ងន់យ៉ាងខ្លាំង រហូតណែនាំដល់ខណ្ឌទាំងអស់ ត្រូវលុបបំបាត់ និងធ្វើការងារនេះឲ្យបានស្អាត ក្នុងរយៈពេលយ៉ាងយូរ២សប្តាហ៍។ លោកកំណត់រយៈពេល២សប្តាហ៍នេះ ដើម្បីឲ្យខណ្ឌទាំង១២ ចាត់តាំងអនុវត្តន៍ទៅលើការងារកុងស៊ីបញ្ចាំនេះ ឲ្យមានប្រសិទ្ធភាព និងចៀសឲ្យបាន និងបញ្ឈប់វប្បធម៌ អន្តរាគមន៍។

លោកអភិបាលថ្លែងថា «គ្មានឡើយការអន្តរាគមន៍ លើការងារខុសច្បាប់។ ក្រៅពីការកុងស៊ីបញ្ចាំនោះ គឺនៅមានល្បែងស៊ីសង ល្បែងអនឡាញ ដែលជ្រកក្រោម អ៊ីនធើណិតកាហ្វេ ជ្រកក្រោមអាជ្ញាប័ណ្ណ នៃការប្រកបអាជីវកម្មអ៊ីនធើណិត ត្រូវបន្ថែមការយកចិត្តទុកដាក់លើការងារនេះឡើងវិញ បន្ថែមទៀត ពីព្រោះពិនិត្យឃើញថា ក្រោយពីបានណែនាំក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហាក់បីដូចជា មិនទាន់មានសកម្មភាពអ្វីមុតមាំទៅលើបញ្ហានេះទេ»៕