(ភ្នំពេញ)៖ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ​មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានចុះឆែកឆេរចំណីអាហារបន្លែប្រមាណជិត១០០មុខ នៅផ្សារដើមគរ ដោយបានរកឃើញនូវមីមានផ្ទុកគីមីប៉ូរ៉ាក់ច្រើន និងជាតិសាលីអាស៊ីតនៅក្នុងជ្រក់ស្ពៃ និងជ្រក់ត្រសក់ ដែលសារធាតុហាមឃាត់ទំាងនេះ អាចនឹងប៉ះពាល់ដល់សុខភាពអ្នកហូបយ៉ាងខ្លាំង។

ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាន​ ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារដើមគរនោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យទំនិញនេះ គឺធ្វើឡើងតាមការណែនាំពីប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ។

លោក គង់ វុទ្ធី បន្តថា «ការចុះពិនិត្យទំនិញនៅផ្សារដើមគរនេះ ក្រុមការងាររបស់លោកបានយកទំនិញចំនួន៨២មុខ ពីក្រុមអាជីវករផ្សារ ទៅពិនិត្យក្នុងឡានឡាប៉ូពិសោធន៍ ស្វែងរកសារធាតុគីមីភ្លាមៗតែម្តង»

ជាក់ស្តែង បានពិនិត្យរកឃើញមានសារធាតុគីមី នៅក្នុងទំនិញចំនួនបីមុខ រួមមាន៖ មីពណ៌លឿងជាច្រើន គីឡូក្រាមដែលមានផ្ទុកជាតិគីមីបូរ៉ាក់ និងស្បៃជ្រក់ និងជ្រក់ត្រសក់មានជាតិសាលីអាស៊ីត ដែលសារធាតុទាំងនេះ នឹងធ្វើឲ្យមានផលប៉ះពាលយ៉ាងខ្លាំង ដល់សុខភាពរបស់អ្នកបរិភោគ។

តែយ៉ាងណាក្តី ទំនិញដែលបានរកឃើញទាំងនោះ ត្រូវបានមន្រ្តីជំនាញរបស់លោក ធ្វើការរឹបអូសយក និងឲ្យអាជីវករ ចុះកិច្ចសន្យាឈប់លក់ និងបង្ហាញប្រភពពីម្ចាស់ដើម និងម្ចាស់សហគ្រាស ដែលធ្វើការផលិតនោះផងដែរ។

ជាមួយគ្នានោះដែល លោក គង់ វុទ្ធី ក៏បានណែនាំដល់ក្រុមអាជីវករទាំងអស់ ដាក់តាំងលក់ផលិតផលឲ្យត្រូវតាមលក្ខណៈបច្ចេកទេស ដោយញែកចេញពីគ្នា រវាងគ្រឿងប្រើប្រាស់ដែលផ្ទុកសារធាតុពុល និងម្ហូបអាហារហាម ការដាក់តាំងផលិតផលភេសជ្ជៈ ត្រូវកំដៅថ្ងៃនិងការដាក់លក់ផលិតផលហួសកាលបរិច្ឆេទជាដើមផងដែរ។

អនុប្រធានសាខាកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ ក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិន មុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

នៅក្នុងប្រតិបត្តិការខាងលើនេះ ក៏មានអាជីវករខ្លះ មិនព្រមធ្វើការសហការជាមួយ ក្រុមជំនាញការងាររបស់លោក ក្នុងការវែកមុខចំពោះប្រភពដែលផលិតគ្រឿងបរិភោគ ដែលមានជាតិគីមីនេះផងដែរ ជាក់ស្តែងដូចអាជីវករ មួយរួបដែលលក់មីដែលមានសារធាតុគីមីបូរ៉ាក់ គាត់មិនព្រមធ្វើការដោះស្រាយ ជាមួយក្រុមការងារហើយ ថែមទាំងលាក់ប្រភពទៀតផង។ យ៉ាងណាក្តីលោកនឹងមានចំណាត់ការ​ ចំពោះរឿងនេះទៅតាមច្បាប់៕