(ភ្នំពេញ)៖ សម្រាប់គម្រោង៣ឆ្នាំបន្ទាប់ មូលនិធិសកលទីក្រុងហ្សឺណែវ បានសម្រេចបន្តផ្តល់ជំនួយហិរញ្ញវត្ថុដល់កម្ពុជាតទៅទៀត សម្រាប់ជំងឺឆ្លងទាំងបី (អេដស៍, របេង, គ្រុនចាញ់) ក្នុងទឹកប្រាក់៨៣លានដុល្លារ សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ២០១៨-២០១៩ និង២០២០។ ការក្រឹនរំឭកឲ្យដឹងបែបនេះ គឺត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជា លើកទី១០ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះ ស្ថិតនៅឯអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីភាព ពីសំណាក់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា ដើម្បីដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជាលើកទី១០ ព្រមទាំងដៃគូផ្ដល់មូលនិធិអន្តរជាតិ គ្រប់ភាគីពាក់ព័ន្ធជាច្រើនទៀត។
លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានគណៈកម្មាធិការ សម្របសម្រួលមូលនិធិសកលកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំថា កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជា គឺជាកិច្ចប្រជុំ នៃសមាជិកសមាជិកាចំរុះ ដែលមានតំណាងជ្រើសតាំង ដោយក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ តំណាងស្ថានទូតនៃប្រទេសម្ចាស់អំណោយ ដែលផ្តល់ជំនួយហិរញ្ញទានដល់គម្រោងមូលនិធិសកល ប្រយុទ្ធនឹងជំងឺអេដស៍ របេង គ្រុនចាញ់ និងគម្រោងពង្រឹងប្រព័ន្ធសុខាភិបាលនៅកម្ពុជា និងក្រុមអ្នកតំណាងប្រជាជន ដែលមានជំងឺ និង/ឬរងការប៉ះពាល់ពី ជំងឺអេដស៍ របេង និងគ្រុនចាញ់។
លោកទេសរដ្ឋមន្រ្តីបន្តថា កិច្ចប្រជុំពេញអង្គគណៈកម្មាធិការសម្របសម្រួល មូលនិធិសកលកម្ពុជាលើកនេះ ផ្តោតលើរបៀប វារៈចំបង ដូចខាងក្រោម៖
ទី១, ពិនិត្យ និងអនុម័ត សមាជិក សមាជិកានៃគណៈកម្មការជ្រើសរើស សម្រាប់រៀបចំការបោះឆ្នោតជ្រើសរើស សមាជិក សមាជិកា នៃគណៈកម្មាធិការសម្របសម្រួលមូល និធិសកលកម្ពុជា សំរាប់អាណត្តិថ្មី ឆ្នាំ២០១៨-២០១៩។ ទី២,ពិនិត្យ និងអនុម័ត បេក្ខភាពបំពេញជំនួសសមាជិក សមាជិកា ជាតំណាងស្ថាប័នពហុភាគី និងម្ចាស់ជំនួយទ្វេភាគី សំរាប់អាណត្តិបច្ចុប្បន្ន ឆ្នាំ២០១៦-២០១៧។ ទី៣, អនុម័ត លទ្ធផលនៃការជ្រើសរើសអង្គភាព អ្នកទទួលអនុវត្តគម្រោង កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ និងរបេង ឆ្នាំ២០១៨-២០២០ និង ទី៤, ពិនិត្យវឌ្ឍនភាព នៃការរៀបចំសំណើគម្រោងចូលរួម ពង្រឹងប្រព័ន្ធសុខាភិបាល គម្រោងប្រយុទ្ធនឹងជំងឺរបេង អេដស៍ និងគ្រុនចាញ់៕