(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះនេះ លោកឧត្តមសេនីយ៍ត្រី ធន ធឿន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំនួន៤លានរៀល ទៅចូលបុណ្យសពលោក ញឹម ខន អតីតជាយោធិនពិការ ដែលទើបនឹងទទួលមរណភាពដោយជំងឺ ដោយមានការចូលរួមពីសំណាក់លោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជន និងមន្រ្តីក្រុមការងារសមាគមអតីតយុទ្ធខេត្ត ស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធជាច្រើនទៀត នៅភូមិដំរឹប ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
លោកសេនីយ៍ត្រី ធន ធឿន បានប្រគល់ថវិកាបេឡាមរណសង្រ្គោះរបស់សមាគមអតីតយុទ្ធកម្ពុជាចំនួន៤លានរៀល និងថវិកាចូលបុណ្យសព របស់លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ចំនួន២០ម៉ឺនរៀល ជូនដល់លោកស្រី ថ្លាង អ៊ន ត្រូវជាភរិយារបស់សព ក្នុងនោះបានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់ លោកអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា លោកអភិបាលខេត្ត ពិសេសពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះក្រុមគ្រួសារសព ដែលពេលនេះ លោកស្រីកំពុងមានទុក្ខជាទំងន់ដោយបាន បាត់បងនូវស្វាមីដែលជាទីស្រឡាញ់របស់លោកស្រី និងសូមឲ្យវិញ្ញាណក្ខន្ធលោក ញឹម ខន បានដល់សុគតិភាពកុំបីឃ្លៀងឃ្លាតឡើយ។
លោកសេនីយ៍ត្រី ធន ធឿន បានបន្តថា បច្ចុប្បន្ននេះសមគមអតីតយុទ្ធជនរបស់យើង បាននិងកំពុងបំពេញការងារយ៉ាង ស្រស្រាក់ស្រស្រាំ គឺដើម្បីផលប្រយោជន៍របស់បងប្អូន និងគ្រួសារអតីតយុទ្ធជន របស់យើងទាំងនេះគឺជាការគិតគូរយ៉ាងយកចិត្តទុក្ខដាក់បំផុតរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ពិសេសពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។
លោកស្រី កើត សាវី អភិបាលរងស្រុកទឹកផុស បានថ្លែងអំណរអរគុណលោកឧត្ដមសេនីយ៍ត្រី ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ដែលបាននាំយកនូវថវិការបស់សមាគមអតីតយុទ្ធជន មកប្រគល់ជូន គ្រួសារសពបានទាន់ពេលវេលានឹងសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាលសម្ដេច មិនដែលភ្លេចពីរទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកពិសេសគឺបងប្អូនអតីត និងគ្រួសារយុទ្ធជន៕