(ភ្នំពេញ)៖ សេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យពាណិជ្ជកម្ម ត្រូវបានរដ្ឋសភាអនុម័តរួចរាល់ហើយនៅក្នុងកិច្ចប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ នេះ ដោយសមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជាចំនួន ៦៧រូប។

លោកស្រី ងិន សាផុន ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា (គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសនីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់) បានថ្លែងថា សេចក្តីព្រៀងច្បាប់នេះ បានឆ្លងកាត់ការពិនិត្យយ៉ាងល្អិតល្អន់ និងជាច្រើនដំណាក់កាលរបស់គណៈកម្មការ។ បន្ទាប់ពីការពិនិត្យមើលឃើញថាត្រឹមត្រូវហើយនោះ សេចក្តីព្រៀងច្បាប់នេះមិនបានកែប្រែខ្លឹមសារដើមនោះឡើយ។

លោកស្រី ងិន សាផុន បានបន្តថា ច្បាប់សី្តពីឧបាស្រ័យពាណិជ្ជកម្មនេះ ធ្វើឡើងសម្រាប់ការពារដល់ផលិតកម្ម និង ឧស្សាហកម្មកម្ពុជាពីផលប៉ះពាល់នៃការលក់បន្ទាបថៃ្លខុសពីប្រក្រតី នៃទំនិញដែលនាំចូលមកលក់នៅកម្ពុជា ព្រមទាំង ផ្តល់ទំនុកចិត្ត និងធើ្វជាខែលការពារវិនិយោគិនក្នុងស្រុក និងបទេស ដែលបានបណ្តាក់ទុននៅកម្ពុជា តាមរយៈការដាច់ចេញនូវគោលការណ៍ យន្តការ និងនីតិវិធីនានាសម្រាប់ជួយធានាដល់ការប្រក្រតួប្រជែងដោយសុរិចត និងស្មោះត្រង់ រវាងផលិតករ ពាណិជ្ជករ ដែលផលិត និងលក់ផលិតផលក្នុងស្រុក ជាមូយនិងផលិតករបរទេស និងពាណិជ្ជករ ដែលបាននាំចេញនូវផលិតដូចគា្នមកលក់នៅកម្ពុជា។

លោកស្រី បានបន្ថែមថា ច្បាប់នេះនឹងជួយការពារនូវផលិតកម្ម និងឧស្សាហកម្មក្នុងស្រុក ពីការហូរចូលយ៉ាងគំហុក នៃផលិតផលបរទេសមកកាន់ទីផ្សារកម្ពុជា ដែលជាបច្ច័យមិនល្អ និងបង្កឲ្យមានការខូចខាតធ្ងន់ធ្ងរ ឬគំរាមគំហែងមិនឲ្យឧស្សាហកម្មរីកចំរើនបាន ព្រមទាំងអាចបន្ទុចបង្អាក់ដល់ការវិនិយោគក្នុងស្រុក និងវិនិយោគបរទេស ដែលគ្រោងចូលមកបណ្តាក់ទុននៅកម្ពុជា។ ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ក៏នឹងផ្តល់លទ្ធភាព ក្នុងការដំឡើងអត្រាពន្ធឧបាស្រ័យពាណិជ្ជកម្ម ទៅលើផលិតផល នាំចូលដែលអាចបង្កមហន្តរាយដល់ផលិតកម្ម និងឧស្សាហកម្មកម្ពុជា លើសពីអត្រាពន្ធដែលកម្ពុជា បានចង និងបានសន្យានៅក្នុងក្រប ខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ប្រសិនបើចាំបាច់។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ច្បាប់ឧបាស្រ័យពាណិជ្ជកម្មនេះជាការតព្វកិច្ចដែលកម្ពុជា ត្រូវបំពេញតាមការទាមទារអង្គការពាណិជ្ជកម្មពិភពលោក បន្ទាប់ពីប្រទេសកម្ពុជាបានក្លាយជាសមាជិកនៃអង្គការមួយនេះកាលពី១៣ឆ្នាំមុននោះ (១៣ តុលា ២០០៤-១៣ តុលា ២០១៧)។

លោករដ្ឋមន្រ្តីបន្តថា សេចក្តីព្រៀងច្បាប់ស្តីពីឧសបាស្រ័យពាណិជ្ជកម្មនេះ គឺផ្អែកលើច្បាប់គំរូបរបស់អង្គការពាណិជ្ជកម្មពិភពលោក និងមានសុគតភាពជាមួយកិច្ចព្រមព្រៀងនានារបស់អង្គការពាណិជ្ជកម្មពិភពលោក ហើយអនុលោមតាមច្បាប់នានារបស់ច្បាប់កម្ពុជាផងដែរ៕

សេចក្តីព្រៀងច្បាប់ស្តីពីឧបាស្រ័យនេះ មាន ៦ជំពូក ស្មើនឹង ​៤៤​មាត្រា៕