(ថៃ)៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជា (មន្រ្តីគយ និងតំណាងក្រសួងពាណិជ្ជកម្ម) ចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលគយថៃ ដើម្បីចរចាបញ្ចប់សេចក្តីព្រាងអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ និងគ្រោងចុះហត្តលេខាលើអនុស្សារណៈយោគយល់គ្នានេះឲ្យបានមុនកាលបរិច្ឆេទច្បាប់គយថ្មីរបស់ប្រទេសថៃដែលនឹងចូលជាធរមាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ ស្របតាមស្មារតីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃលើកទី៣ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ។

គោលបំណងនៃការរៀបចំអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់នេះ គឺជាការបំពេញលក្ខខណ្ឌដើម្បីផ្តល់ភាពស្របច្បាប់ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ស្របតាមបញ្ញត្តិច្បាប់គយថ្មីរបស់ប្រទេសថៃ។ អង្គប្រជុំបានពិភាក្សានិងសម្រេចបានលទ្ធផលសំខាន់ៗ ដូចខាងក្រោម៖

១៖ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារសេចក្តីព្រាងអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ មានប្រាំពីរមាត្រា។ ខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នានេះ មិនត្រឹមតែបានបំពេញលក្ខខណ្ឌដើម្បីផ្តល់ភាពស្របច្បាប់ស្តីពីការដឹកជញ្ជូនទំនិញឆ្លងកាត់ប្រទេសថៃតាមផ្លូវគោក ស្របតាមបញ្ញត្តិច្បាប់គយថ្មីរបស់ប្រទេសថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ផលប្រយោជន៍ដល់កម្ពុជាបន្ថែមទៀត លើការពង្រឹងការគ្រប់គ្រងអនុលោមភាពលើទំនិញនាំចូលមកកម្ពុជាដោយឆ្លងកាត់ប្រទេសថៃ។

២៖ បានឯកភាពកំណត់មាត់ច្រកចំនួន ០៦ សម្រាប់ដឹកទំនិញឆ្លងកាត់តាមផ្លូវគោក ទៅកាន់ឬមកពីប្រទេសទីបី។

៣៖ បានឯកភាពលើកាលបរិច្ឆេទចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីទំនិញឆ្លងកាត់ ក្នុងពេលដ៏ខ្លីខាងមុខ ពោលគឺឲ្យបានមុនច្បាប់គយថ្មីរបស់ប្រទេសថៃដែលនឹងចូលជាធរមាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ភាគីទាំងពីរ ក៏បានឯកភាពពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធលើការផ្លាស់ប្តូរព័ត៌មានសម្ងាត់ឲ្យគ្នាទៅវិញទៅមក ដើម្បីទប់ស្កាត់និងបង្រ្កាបអំពើគេចរត់ពន្ធ និងជំរុញកិច្ចសហការលើការងារ «យន្តការលើកទឹកចិត្តពាណិជ្ជករល្អបំផុត» និង «ប្រតិបត្តិករសេដ្ឋកិច្ចមានការអនុញ្ញាត» (Best Traders Incentives Mechanism and Authorized Economic Operators) ក្នុងការផ្ដល់ប្រព្រឹត្តកម្មពិសេសដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ៕