(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានមានព្រះរាជបន្ទូលថា កិច្ចខិតខំប្រឹងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ គឺជាសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋខ្មែរ ដើម្បីរស់នៅដោយសុខសាន្ត។

ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រខ្មែរ បានធ្វើឡើងតាមរយៈព្រះរាជសារបើកសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ។

ក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រខ្មែរ បានថ្លែងកោតសរសើរចំពោះសមាជិករដ្ឋសភា ដែលបានប្រឹងប្រែងធ្វើការងារបម្រើប្រជាពលរដ្ឋ និងនាំយកបញ្ហាទាំងឡាយរបស់ប្រជាពលរដ្ឋជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយជូនពួកគេ។ ព្រះអង្គ ក៏បានមានព្រះរាជបន្ទូលកោតសរសើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្រឹងប្រែងស្តារ និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញផងដែរ។

ព្រះអង្គមានព្រះរាជបន្ទូលថា «ខ្ញុំសូមកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមាហសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលក្នុងដំណើរការប្រកបដោយជោគជ័យ នៃការស្តារ និងអភិវឌ្ឍន៍ប្រទេសឡើងវិញ»

ព្រះមហាក្សត្រខ្មែរមានព្រះរាជបន្ទូលបន្តថា សមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបាន ជាពិសេសការរក្សាបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍ គឺជាសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋខ្មែរ។

អង្គព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា «កិច្ចខិតខំប្រឹងប្រែងរួមគ្នា គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តម ដែលញ៉ាំងឲ្យប្រទេសជាតិយើងរក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រាថ្នាចង់បាន និងត្រូវការជាចាំបាច់ ដើម្បីរស់នៅដោយភាពសុខសាន្ត»

ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលផងដែរថា ការខិតខំរួមគ្នារវាងរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្នុងការធានាបានស្ថិរភាពនយោបាយ និងសង្គម ជាមួយនឹងការគ្រប់គ្រងសេដ្ឋកិច្ចប្រកបដោយភាពត្រឹមត្រូវ និងជឿនលឿនបានធ្វើឲ្យកម្ពុជា អាចសម្រេចបាននូវអត្រាខ្ពស់ នៃកំណើនសេដ្ឋកិច្ចខ្ពស់ជាបន្តបន្ទាប់។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា តាមរយៈវេទិកានានា តែងតែបានរំលឹកពីទុក្ខវេទនារបស់ប្រជាពលរដ្ឋ ក៏ដូចជាភាពខ្ទេចខ្ទាំរបស់ប្រទេសជាតិដោយសារតែភ្លើងសង្រ្គាមកាលពីអតីតកាល ជាពិសេសសង្រ្គាមដែលផ្តើមចេញពីការធ្វើរដ្ឋប្រហាររបស់ក្រុមសេនាប្រមុខលន់ នល់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ គាំទ្រដោយសហរដ្ឋអាមេរិក។ សម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចសំណេះសំណាលជាមួយកម្មករ កម្មការិនី នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ក្រោកឡើងដើម្បីរក្សាសុខសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្ន។

សម្តេចតេជោ ហ៊ុន សែន ក៏តែងតែរំលឹកប្រជាពលរដ្ឋផងដែរថា បើគ្មានសុខសន្តិភាពទេ នឹងគ្មានការអភិវឌ្ឍ និងការរីកចម្រើននោះឡើយ៕