(ស្វាយរៀង)៖ អគារថ្មីនៃមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដែលជាជំនួយឥតសំណងរបស់ប្រជាជនជប៉ុនដែលជានិមិត្តរូបនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសជប៉ុន និងកម្ពុជា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ។
ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអអិបតីភាព លោកវេជ្ជបណ្ឌិតម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក HORINOUCHI Hidehisa ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា។
តាមរយៈJICA បានជួយជាជំនួយក្នុងការសាងសង់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ចំនួន៩លានដុល្លារ។ ក្រៅពីនោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានជួយបន្ថែមថវិកា ១០ម៉ឺនដុល្លារ ជួយក្នុងការសំអាតទីលាន តបណ្ដាញទឹកជួសជុលអាគារផ្សេងៗ ក្នុងមន្ទីរពេទ្យបង្អែកនេះផងដែរ។
គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្វាយរៀងនេះ បានសាងសង់ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ដោយសាងសង់ពីបេតុងអាម៉េបូក និងជញ្ចាំងឥដ្ឋ មានជាល់ផ្ទាលដី ជាន់ទី ១ ទី២ មានបន្ទប់កាំរស្មី បន្ទប់អេកូ បន្ទប់វាស់បេះដូង ឱសថស្ថាន បន្ទប់សង្រ្គោះបន្ទាន់ បន្ទប់តាមដានជំងឺ និងបន្ទប់ពិគ្រោះជំងឺជាដើម៕