(ភ្នំពេញ)៖ បុរី «CamCoCity» ដ៏ធំស្កឹមស្កៃល្បីឈ្មោះមួយ ដែលគ្រប់គ្រងដោយ ជនជាតិកូរ៉េ ហើយត្រូវបានមជ្ឈដ្ឋានទូទៅ ធ្វើការរិះគន់ជាបន្តបន្ទាប់ថា គ្មានអ្នកហ៊ានចូលទៅក្បែរសូម្បីតែសមត្ថកិច្ច ឬជាអាជ្ញាធរ ស្រាប់តែឥឡូវនេះត្រូវបាន លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រើកណ្ដាប់ដៃដែកដឹកនាំ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអភិបាលខណ្ឌឬស្សីកែវ លោក ជា ពិសី បើកប្រតិបត្តិការដឹកនាំកម្លាំងចម្រុះ ចុះទៅត្រួតពិនិត្យធ្វើការវាស់វែងកំណត់ព្រំដីឲ្យបានច្បាស់លាស់ ដើម្បីរកយុត្តិធម៌ជូនប្រជាពលរដ្ឋចំនួន៩គ្រួសារ ជាម្ចាស់បណ្ដឹង បានបាត់បង់ដីធ្លីហាក់បីដូចជាប្លន់យកអស់រយៈពេលជិត១០ឆ្នាំមកហើយ។
ការចុះត្រួតពិនិត្យវាស់វែងកំណត់ព្រុំដីធ្លី ដើម្បីរកយុត្តិធម៌តាមពាក្យបណ្ដឹងប្រជាពលរដ្ឋ៩គ្រួសារខាងលើនេះ បានប្រតិបត្តិការឡើងនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅបរិវេណជុំវិញដីក្នុងបុរី «CamCoCity» ភូមិគង្គារផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕