(ភ្នំពេញ)៖ នៅក្នុងព្រះរាជសារ ព្រះមហាក្សត្រ សម្រាប់ពិធីបើកសម័យប្រជុំរដ្ឋសភាពេញអង្គ លើកទី៩ នីតិកាលទី៥ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ ព្រះមហាក្សត្រ បានព្រះសម្តែងការកោតសរសើរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំរាជរដ្ឋាភិបាលក្នុងដំណើរការដោយជោគជ័យ ក្នុងការស្តារ និងអភិវឌ្ឍប្រទេសឡើងវិញ។
ទន្ទឹមនឹងគ្នានេះ ព្រះករុណា ក៏បានព្រះសម្តែងការកោតសរសើរនិងថ្លែងអំណរគុណដល់សមាជិកសភាទាំងអស់ ក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងទទួលយកបញ្ហារបស់ប្រជាពលរដ្ឋមកជម្រាបជូនរាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាទាំងនោះ។
ព្រះមហាក្សត្របានមានព្រះបន្ទូលយ៉ាងដូច្នេះថា៖ «កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ គឺជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តម ដែលញ៉ាំងឱ្យប្រទេសជាតិយើង រក្សាបាននូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបប្រាថ្នា ចង់បាន និងត្រូវការជាចាំបាច់ ដើម្បីរស់នៅដោយភាពសុខសាន្ត»។
ព្រះអង្គសង្ឃឹមថា រដ្ឋសភា នឹងបន្តខិតខំប្រឹងប្រែងដោះស្រាយបញ្ហាចំពោះមុខបន្តទៀត ដើម្បីសម្រេចដល់ដំណោះស្រាយ ភាពសុខដុមរមនា។ កិច្ចខិតខំប្រឹងប្រែងរួមគ្នាជាសកម្មភាពបម្រើជាតិមាតុភូមិដ៏ឧត្តុងឧត្តមញ៉ាំងឲ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍដែលជាតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋកម្ពុជា៕