Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ពាក់ព័ន្ធនឹងការប្តឹងរំលាយគណបក្ស ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបញ្ជូនទៅគណៈកម្មាធិការជំនាញ ក្រោយប្រជុំចប់

12-10-2017 07:55

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៧៖៣០នាទីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះ កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ដើម្បីពិភាក្សាអំពីវិសោធនកម្ម ច្បាប់បោះឆ្នោតចំនួន៤ ដែលស្នើឲ្យគណបក្សកាន់អំណាចត្រូវបានបញ្ចប់ ហើយត្រូវបានដាក់បញ្ជូនទៅគណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ របស់រដ្ឋសភា ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ នេះបើយោងតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិច នាព្រឹកថ្ងៃនេះ។

លោក ឡេង ប៉េងឡុង បានបញ្ជាក់ថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួននេះ មិនទាន់ដាក់ចូលទៅសភាពេញអង្គនាព្រឹកថ្ងៃនេះទេ ពោលគឺបញ្ជូនទៅកាន់ គណៈកម្មាធិការជំនាញសិន (គណៈកម្មាធិការនីតិកម្ម និងយុត្តិធម៌ របស់រដ្ឋសភា) ដើម្បីពិនិត្យ និងសិក្សាស្រាវជ្រាវ។

តាមការប្រកាសរបស់រដ្ឋសភាបានឱ្យដឹងថា សេចក្តីស្នើសុំវិសោធនកម្មច្បាប់ទាំងបួន ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យនៅថ្ងៃនេះ រួមមាន៖

១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖​ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕