(ភ្នំពេញ)៖ ការអនុវត្តច្បាប់ស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលបានអនុម័ត ឆ្នាំ២០១៥ ដែលតម្រូវឲ្យកញ្ចប់ផលិតផលថ្នាំជក់ ដែលដាក់លក់នៅលើទីផ្សារកម្ពុជាទាំងអស់ ត្រូវបិទរូបភាព និងសារព្រមានជាអក្សរខ្មែរ អំពីគ្រោះថ្នាក់ដល់សុខភាព បណ្ដាលមកពីការជក់បារី គឺជាភាពជោគជ័យធំធេងមួយ ប៉ុន្តែចន្លោះប្រហោង នៃការអនុវត្តន៏ គឺនៅកើតមាននៅឡើយ នេះបើយោងតាមការលើកឡើងរបស់មន្ត្រីនគរបាល ។
ក្នុងអំឡុងពេលនគរបាលចុះត្រួតពិនិត្យនៅឯខេត្តកំពត កាលពីខែកញ្ញាកន្លងទៅនេះ ផលិតផលថ្នាំជក់របស់ម៉ាកយីហោអន្តរជាតិធំៗដែលបានដាក់លក់ ភាគច្រើនបានគោរពតាមបញ្ញត្តិច្បាប់ ដែលតម្រូវឲ្យកញ្ចប់ផលិតផលបារី ត្រូវប្រើប្រាស់សារព្រមានសុខភាពរូបភាពមួយ ក្នុងចំណោមរូបភាពពីរ ស្មើៗគ្នា ដែលបានកំណត់ឲ្យបោះពុម្ពទំហំ ៥០% នៃកញ្ចប់ និង៥ % ទៀត ត្រូវមានសារព្រមានសុខភាពជាអក្សរខ្មែរ ដែលបានកំណត់ឲ្យប្រើប្រាស់ ។យ៉ាងណាក៏ដោយ នគរបាលបានរកឃើញថា ម៉ាកយីហោបារីក្នុងស្រុកមួយចំនួនហាក់នៅតែគេចវេស មិនអនុវត្តទៅតាមច្បាប់នេះនៅឡើយ។
លោក ពេជ អេលី ប្រធានការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តកំពតបានឲ្យដឹងថា «យើងមានក្តីរីករាយ នៅពេលមើលឃើញថាក្រុមហ៊ុនថ្នាំជក់ បានគោរពតាមបទ្បញ្ញត្តិនៃច្បាប់។ យ៉ាងណាមិញ យើងក៏បានរកឃើញថា ម៉ាកយីហោបារីមួយចំនួន កំពុងតែបំពានច្បាប់ដោយបើកចំហ ហើយម៉ាកយីហោទាំងនោះរួមមាន Cocopalm, Cambo natural, និង Luxury ដែលយើងរកឃើញថា មិនបានគោរពតាមបញ្ញតិ្ត ដែលតម្រូវឲ្យអនុវត្តលើកញ្ចប់បារីរបស់ខ្លួន ។រូបភាពនៅលើហ្វេសប៊ុក ដែលបង្ហាញអំពីវិធានការរបស់នគរបាល បង្ហាញឲ្យឃើញពីកញ្ចប់បារីដែលខុសច្បាប់ជាច្រើន ។ការវេចខ្ចប់ខ្លះ បែរជាដាក់សារខុស ឬជាអក្សរបរទេសទៅវិញ ហើយខ្លះទៀតក៏ពុំព្រមដាក់សារព្រមានជារូបភាព និងអក្សរខ្មែរថ្មី ហើយក្នុងករណីខ្លះ រកឃើញថា មានតែកញ្ចប់ពីរដំបូងប៉ុណ្ណោះនៅក្នុងសុងបារី ដែលបានអនុលោមតាមច្បាប់ ហើយកញ្ចប់ផ្សេងទៀតសុទ្ធតែល្មើសនឹងច្បាប់» ។
មន្ត្រីនគរបាលរូបនោះ បានថ្លែងទៀតថា «ខណៈដែលយើងកំពុងស៊ើបអង្កេតករណីនេះបន្ថែមទៀត យើងក៏អំពាវនាវ ឲ្យក្រុមហ៊ុនទាំងអស់គោរពទៅតាមច្បាប់ ហើយអ្នកលក់រាយ និងអ្នកបោះដុំទាំងអស់ ត្រូវតែប្រាកដថាពួកគាត់ស្តុកលក់តែបារីណា ដែលមានសារព្រមានសុខភាពជារូបភាព៥០% និងអក្សរខ្មែរ៥% តែប៉ុណ្ណោះ។នៅពេលចុះត្រួតពិនិត្យនៅខែក្រោយនេះ ប្រសិនបើអ្នកលក់ត្រូវបានរកឃើញថា នៅតែបន្តលក់ផលិតផលដែលមិនគោរពតាមច្បាប់ នឹងត្រូវអញ្ជើញមកកាន់ការិយាល័យនគរបាលដើម្បីមានវិធានការបន្ត»។
ទន្ទឹមនឹងនោះ លោកក៏បានជំរុញឲ្យក្រុមហ៊ុនផលិតបារីទាំងអស់ គោរពតាមច្បាប់របស់ប្រទេសកម្ពុជា ទាល់តែគ្រប់គ្នាអនុវត្តតាមច្បាប់ឲ្យបានដូចៗគ្នា ទើបឧស្សាហកម្មរបស់យើង អាចគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ជាតិក្នុងការ ដើម្បីលើកកម្ពស់ការអប់រំដល់ពលរដ្ឋ ជុំវិញការជក់បារី ហើយជួយប្រជាជនកម្ពុជា ក្នុងការសម្រេចចិត្តត្រឹមត្រូវ មុននឹងទិញផលិតផលបារី។
ច្បាប់នេះមានបំណងការពារសុខភាពរបស់ប្រជាជនកម្ពុជា តាមរយៈការគ្រប់គ្រងត្រួតពិនិត្យលើការផលិត និងការលក់ផលិតផលថ្នាំជក់។ លោកបន្ថែមថា មាត្រា១០ នៃច្បាប់បានចែងថា ផលិតករថ្នាំជក់ក្នុងស្រុក និងអ្នកនាំចូលផលិតផលថ្នាំជក់គ្រប់ប្រភេទ សម្រាប់ធ្វើការចែកចាយលក់ និងប្រើប្រាស់នៅកម្ពុជា ត្រូវបោះពុម្ពសារ ព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់ អំពីគ្រោះថ្នាក់នៃការប្រើប្រាស់ផលិតផលថ្នាំជក់។ សារព្រមានសុខភាពជារូបភាពត្រូវមានទំហំ ៥០ភាគរយយ៉ាងតិច។ ច្បាប់នេះបានបញ្ជាក់ថា ផលិតករ និងអ្នកនាំចូលផលិតផលថ្នាំជក់ ដែលត្រូវបានរកឃើញថាល្មើសនឹងច្បាប់នឹងត្រូវប្រឈមដោយការផាកពិន័យពី៤លាន ទៅ២០លានរៀល ជាមួយការផាកពិន័យជាច្រើនលើកទៀត ក្នុងរយៈពេល២ឆ្នាំ និងឈានទៅដល់ការផាកពិន័យទ្វេដង ៕