(ភ្នំពេញ)៖ ផាយ ផេ (Pi Pay) ដែលជាកម្មវិធីឈានមុខគេនៅកម្ពុជា ផ្នែកទូទាត់ដោយមិនប្រើសាច់ប្រាក់ និងធនាគារ ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ ដើម្បីឲ្យអតិថិជនរបស់ភាគីទាំងពីរ ធ្វើការភ្ជាប់គណនីរបស់ពួកគេបាន ដើម្បីបង្កើនភាពងាយស្រួល ដល់កម្មវិធីធនាគារចល័ត និងកម្មវិធីទូទាត់ ដោយមិនប្រើសាច់ប្រាក់ របស់ស្ថាប័នទាំងពីរ ។
ក្រោមកិច្ចព្រមព្រៀង នៅថ្ងៃទី១១ ខែតុលានេះ ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ គឺអតិថិជននឹងអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួល រវាងគណនីចល័ត ផាយ ផេ និងគណនីធនាគារ ABA ដោយប្រើកម្មវិធីទូរស័ព្ទ ផាយ ផេ និងកម្មវិធី ABA Mobile ។
លោក ថូម៉ាស ផូកូនី នាយកប្រតិបត្តិ ក្រុមហ៊ុន ផាយ ផេ បានថ្លែងថា «នេះគឺជាការបោះជំហានដ៏ធំមួយ សម្រាប់ក្រុមហ៊ុន ផាយ ផេ ហើយយើងមានសេចក្តីរំភើប នៅពេលបានចុះហត្ថលេខា ធ្វើជាដៃគូជាមួយធនាគារ ABA ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាធនាគារដែលមានការច្នៃប្រឌិតថ្មី ឈានមុខគេបំផុតនៅកម្ពុជា។ នៅពេលនេះ យើងអាចនិយាយបានថា ផាយ ផេ គឺជាកម្មវិធីមិនប្រើសាច់ប្រាក់ពិតៗ ពីព្រោះអតិថិជនអាចផ្ទេរប្រាក់ រវាងគណនីធនាគារ ABA ជាមួយនឹងគណនី ផាយ ផេ ហើយបន្ទាប់មកពួក គាត់អាចប្រើប្រាស់ប្រាក់នោះ ដើម្បីទិញទំនិញ និងសេវាកម្មផ្សេងៗពីពាណិជ្ជករដៃគូដោយពុំចាំបាច់កាន់ក្រដាសប្រាក់ឡើយ»។
នាយកប្រតិបត្តិរបស់ធនាគារ ABA លោក Askhat Azhikhanov បានថ្លែងថា «ធនាគារ ABA តែងនាំមុខគេក្នុងការអភិវឌ្ឍសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលនៅកម្ពុជា ហើយកម្មវិធីធនាគារចល័ត និងធនាគារតាមអ៊ីនធឺណិតរបស់យើង ក៏បានផ្លាស់ប្ដូររបៀបដែលប្រជាជនប្រើប្រាស់សេវាធនាគារនៅកម្ពុជាផងដែរ ។ភាពជាដៃគូ ជាមួយក្រុមហ៊ុន ផាយ ផេ នេះ គឺជាការបោះជំហានមួយទៀត សម្រាប់យើង ដើម្បីផ្តល់ជម្រើសនៃមធ្យោបាយ ទូទាត់ចល័តបន្ថែមដល់អតិថិជនរបស់យើង ដោយក្នុងនោះក៏មានការបញ្ចុះតម្លៃពិសេសៗ ដែលមានផ្ដល់ជូនដោយដៃ គូអាជីវកម្មរបស់ក្រុមហ៊ុន ផាយ ផេ ថែមទៀតផងដែរ»។
លោក Askhat Azhikhanov បានបន្ថែមទៀតថា «ភាពជាដៃគូនេះ គឺជាគ្រឹះសម្រាប់បង្កើតឲ្យមានសេវាកម្មប្រកបដោយភាពច្នៃប្រឌិតថ្មីបន្ថែម លើសពីការទូទាត់ដោយមិនប្រើសាច់ប្រាក់ទៅទៀត ហើយយើងពិតជាពេញចិត្តខ្លាំងណាស់ដែល ផាយ ផេ បើកប្រាក់បៀវត្សរ៍ជូនបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធី ផាយ ផេ ដោយភ្ជាប់ទៅកាន់គណនី ABA របស់បុគ្គលិក។ នេះគឺជាមធ្យោបាយមួយដែលកាន់តែមានប្រសិទ្ធភាព និងមានសុវត្ថិភាពក្នុងការគ្រប់គ្រងបញ្ជីបៀវត្សរ៍ ហើយយើងជឿថាប្រតិបត្តិការបែបនេះ នឹងក្លាយជាទីចំណាប់អារម្មណ៍ នៃបណ្ដាក្រុមហ៊ុនអាជីវកម្មជាច្រើននៅកម្ពុជា»។
ចុះកិច្ចព្រមព្រៀងនេះ គឺភាគីទាំងពីរ បានប្តេជ្ញាចិត្តគាំទ្រចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ហិរញ្ញវត្ថុឆ្លើយតបតាមត្រូវការ ដោយជួយកៀងគរប្រជាពលរដ្ឋ ដែលមិនប្រើប្រាស់សេវាធនាគារឲ្យចូលក្នុង វិស័យសេវាកម្មហិរញ្ញវត្ថុផ្លូវការមួយនេះ៕