Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានដកហូតអាជ្ញាបណ្ណបន្ទប់ថែទាំជំងឺឯកជន «សុខ សុវណ្ណារ៉ា» ដែលអនុវត្តហួសពីកម្រិតបច្ចេកទេសច្បាប់អនុញ្ញាត!

11-10-2017 21:38

(ស្វាយរៀង)៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានចុះដកហូតអាជ្ញាបណ្ណបន្ទប់ថែទាំអ្នកជំងឺឯកជន «សុខ សុវណ្ណារ៉ា» ដែលអ្នកគ្រប់គ្រងឈ្មោះ ញឹម ចាន់រ៉ា នៅភូមិសង្កែ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ដែលបានអនុវត្តហួសពីកម្រិចបច្ចេកទេស ដែលច្បាប់បានអនុញ្ញាត។

លោក កែរ រដ្ឋា ប្រធានបានមន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រាប់អង្គភាពសារព័ត៌មាន Fresh News ថា បន្ទប់ថែទាំអ្នកជំងឺឯកជន «សុខ សុវណ្ណារ៉ា» ដែលអ្នកគ្រប់គ្រងឈ្មោះ ញឹម ចាន់រ៉ា បានអនុវត្តហួសពីកម្រិតបច្ចេកទេសច្បាប់អនុញ្ញាតឲ្យ ដោយមានសិទ្ធិត្រឹមតែបើកបន្ទប់ថែទាំតែប៉ុណ្ណោះ ក៏ព្រោះតែលោក ញឹម ចាន់រ៉ា ជាគិលានុ​បដ្ឋាមធ្យម គឺគ្មានសិទ្ធិក្នុងការឲ្យអ្នកជំងឺមកសម្រាកព្យាបាល នៅទីនោះឡើយ។

លោកបានបន្ថែមថា «មានតែវេជ្ជបណ្ឌិតទេ ដែលអាចមានសិទ្ធិក្នុងការឲ្យអ្នកជំងឺ សម្រាកព្យាបាលឆ្លងយប់បាន សម្រាប់លោក ញឹម ចាន់រ៉ា ដែលមានបន្ទប់ថែទាំអ្នកជំងឺឯកជន «សុខ សុវណ្ណារ៉ា» មិនអាចមានសិទ្ធិធ្វើដូច លោកវេជ្ជបណ្ឌិតបានទេ»

សូមបញ្ជាក់ថា បន្ទប់ថែទាំអ្នកជំងឺឯកជន «សុខ សុវណ្ណារ៉ា» ដែលអ្នកគ្រប់គ្រងឈ្មោះ ញឹម ចាន់រ៉ា បានឲ្យអ្នកជំងឺអាចសម្រាកព្យាបាលបាន និងមានគ្រែសម្រាប់ព្យាបាលឆ្លងយប់ ព្យួរសេរ៉ូម នៅពេញបន្ទប់ថែទាំតែម្តង ដែលជាហេតុហួសនៃដែនកំណត់ នៃច្បាប់បានដាក់ឲ្យ៕