(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនកណ្តាលនគរបាលព្រហ្មទណ្ឌបានបញ្ជាក់ថា លោក យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនបុរសម្នាក់ឈ្មោះ យ៉ុន សុធី អាយុ៣៥ឆ្នាំ មុខរបរជាអនុប្រធានអង្គការសហគមន៍២ធ្នូ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ មានលំនៅឋាននៅភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
ការឃាត់ខ្លួនដោយជាប់ពាក់ព័ន្ធ ពីបទឆបោកប្រាក់ពីប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ បានទឹកប្រាក់ប្រមាណ៥ម៉ឺនដុល្លារអាមេរិក ដោយការដោះដូរឲ្យដីជូនប្រជាពលរដ្ឋទាំងនោះ។
នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ប្រជាពលរដ្ឋ៣នាក់មានឈ្មោះដូចជា៖ ១- ឈ្មោះ អ៊ឹង គួន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅភូមិ១ សង្កាត់១ ក្រុង/ខេត្តព្រះសីហន, ២- ឈ្មោះ ស៊ឹម ស៊ីរ៉ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅក្រុមទី៣ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ និងទី៣- ឈ្មោះ ង៉ោត ជៀន ភេទស្រី អាយុ៥៣ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ បានប្រាប់សមត្ថកិច្ចថា ឈ្មោះ យ៉ុន សុធី អះអាងថាខ្លួនប្រធានអង្គការ២ធ្នូ ហើយរូបគាត់ត្រូវចុះមកពង្រឹងសាខានៅខេត្តព្រះសីហនុ ក្នុងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់នេះ។
ពួកគាត់បានប្រាប់សមត្ថកិច្ចទៀតថា ចាប់តាំងពីអំឡុងឆ្នាំ២០១៦ ឈ្មោះយ៉ុន សុធី និង ឪពុកឈ្មោះយ៉ុន សាវ៉ាត ដែលអះអាងថា ខ្លួនជាប្រធាន និងអនុប្រធានអង្គការសហគមន៍២ធ្នូ បានមកបញ្ចុះបញ្ចូលប្រជាពលរដ្ឋចំនួន១៧៤គ្រួសារ អោយប្រមូលលុយអោយគាត់ ដើម្បីយកទៅដោះស្រាយផ្តល់ដីអោយប្រជាពលរដ្ឋទាំងនោះមួយគ្រួសារមួយឡូត៍ នៅតំបន់ព្រែកត្រាច និងអន្លង់ត្រី ភូមិពូធឿងឃុំបិតត្រាំង ស្រុកព្រៃនប់។
ពួកគាត់បានបន្តថា ក្រោយពេលប្រមូលលុយបានខ្លះៗហើយ ជនឆបោកបានយកឯកសារថ្នាក់លើមកបង្ហាញថា ដីនោះជិតបានផ្តល់អោយហើយ តែនៅខ្វះលុយរត់ការបន្ថែមទៀត ហើយប្រជាពលរដ្ឋ ក៏បានប្រមូលលុយអោយថែមទៀត ពួកគេបានសន្យាថាដីនឹងប្រគល់អោយប្រជាពលរដ្ឋនៅខែមករា ឆ្នាំ២០១៧។ តែរហូតមកដល់បច្ចុប្បន្ននេះ ដីក៏អត់បានហើយលុយក៏អស់ ពេលនោះប្រជាពលរដ្ឋសម្រេចចិត្តដាក់ប្តឹង ទៅលោកអភិបាលខេត្តអោយជួយរកយុត្តិធម៌។
បច្ចុប្បន្ននេះ ចំពោះជនសង្ស័យឈ្មោះ យ៉ុន សុធី ត្រូចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងធ្វើការសាកសួរតាមនិតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕