(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាសមាជិកសភាដែរនោះនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញចូលរួមប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។
កិច្ចប្រជុំសភានៅថ្ងៃស្អែកនេះ នឹងពិភាក្សាទៅលើរបៀបវារៈចំនួន៦ រួមមាន៖
១៖ ព្រះរាជសារព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៥។
២៖ របាយការណ៍ស្តីពីសកម្មភាពរបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៨ និងលើកទី៩ នីតិកាលទី៥
៣៖ ការពិភាក្សា និងអនុម័តសេចក្តីព្រៀងច្បាប់ស្តីពី ឧបាស្រ័យពាណិជ្ជកម្ម
៤៖ ការពិភាក្សា និងអនុម័តសេចក្តីព្រៀងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ និងកិច្ចព្រមព្រៀងមួយចំនួនទៀតក្រោយកិច្ចព្រមព្រៀងក្របខណ្ឌនេះ រវាងអាស៊ាន និងចិន។
៥៖ ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ សេចក្តីព្រៀង ស្តីពីការទទួលស្គាល់សុពលភាព នៃប្រកាសនីយបត្រតក្កកម្មអឺរ៉ុប រវាងរាជរដ្ឋាភិបាល នៃកម្ពុជា និងស្ថាប័នប្រកាសនីយបត្រតក្កកម្មអឺរ៉ុប។
និង៦៖ ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣៧ មាត្រា៣៨ មាត្រា១០៩ និងមាត្រា១៣៦ នៃច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម ដែលត្រូវប្រកាសឱ្យប្រើដោយព្រះរាជក្រម ចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០០៣៕
សូមបញ្ជាក់ថា នៅព្រឹកស្អែកនេះ រដ្ឋសភា ក៏នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ជាបន្ទាន់មួយផងដែរ ដើម្បីពិភាក្សាអំពីវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ដែលស្នើដោយក្រុមតំណាងរាស្រ្ត៤៣រូប មកពីគណបក្សកាន់អំណាច។
តាមការប្រកាសរបស់រដ្ឋសភា បានឱ្យដឹងថា សេចក្តីស្នើសុំវិសោធនកម្ម ច្បាប់ទាំងបួន ដែលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាពិនិត្យនៅថ្ងៃស្អែកនេះ រួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
និង៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។
ក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានកែប្រែនូវ មាត្រា១៣៨-ស្ទួន ដោយកំណត់យ៉ាងច្បាស់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយនោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។
ក្នុងករណីខាងលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោតក្នុងរាជធានី-ខេត្តជាមួយ ដោយមិនគិតបញ្ចូលគណបក្សនយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុងរដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល...»៕