(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកថា យុវជនទេសចរណ៍ គឺជាចលករជំរុញការសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយនិរន្តរភាព ឆ្នាំ២០៣០ និងអំពាវនាវក្រសួង-ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ ត្រូវអនុវត្តនូវគោលការណ៍ទទួលខុសត្រូវសង្គម ចូលរួមគាំទ្រដល់សកម្មភាពរបស់យុវជនទេសចរណ៍ ឲ្យកាន់តែខ្លាំងថែមទៀត។
ការអំពាវនាវនេះ គឺដើម្បីគាំទ្រដល់ការអភិវឌ្ឍទេសចរណ៍កម្ពុជា និងក៏ដូចជាការចូលរួមលើកកម្ពស់សុខមាលភាពរបស់យុវជនកម្ពុជា និងការងារសមរម្យដល់យុវជន ស្របពេលដែលវិស័យទេសចរណ៍កម្ពុជា នាពេលបច្ចុប្បន្ន និងអនាគត មិនត្រូវបានកាត់ផ្តាច់ចេញពីប្រភពទេសចរណ៍យុវជន (Youth Tourism) ដែលមានប្រមាណ ៣០% នៃទេសចរអន្តរជាតិមកកម្ពុជា។
លោករដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងពិធីបិទវេទិកាជាតិទេសចរណ៍លើកទី១ ក្រោមប្រធានបទ «យុវជន និងទេសចរណ៍» អមជាមួយពិព័រណ៍ការងារទេសចរណ៍ ក្រោមប្រធានបទ «កម្ពុជាមាតុភូមិខ្ញុំ» នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រោមដំបូលនៃសន្តិភាព កម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន ក៏មានច្រើនខ្វាត់ខ្វែងនៅទូទាំងប្រទេសផងដែរ ដូច្នេះប្រជាពលរដ្ឋខ្មែរគប្បីតែផ្លាស់ប្តូរដំណើរកម្សាន្តទៅគ្រប់តំបន់ទេសចរណ៍ ដែលមាននៅក្នុងប្រទេស ដូចជា តំបន់ឆ្នេរសមុទ្រ តំបន់ទេសចរណ៍វប្បធម៌ ប្រាសាទបុរាណ តំបន់ទេសចរណ៍នៅភូមិភាគឥសាន្ត ទីក្រុង ទឹកជ្រោះ ព្រៃភ្នំ ទន្លេសាបជាដើម មុននឹងទៅទស្សនាកម្សាន្តនៅក្រៅប្រទេស ព្រោះការដើរទេសចរណ៍ក្នុងស្រុក ចំណាយតិច ប្រើពេលវេលាខ្លី តែទស្សនាបានច្រើនកន្លែង និងជួយសេដ្ឋកិច្ចជាតិទៀតផង។
លោកបានបន្តថា បច្ចុប្បន្នទេសចរក្នុងស្រុកកំពុងមានការកើនឡើងវិញ ហើយក្រោយប្រទេសកម្ពុជាទទួលបានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយបានជំរុញឲ្យជីវភាពប្រជាពលរដ្ឋមានការរីកចំរើនពីមួយឆ្នាំទៅមួយឆ្នាំ ដែលជាហេតុបង្កឲ្យពួកគេមានលទ្ធភាពច្រើនក្នុងការដើរទស្សនាកម្សាន្ត។
ទោះជាយ៉ាងណា លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជំរុញដល់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរដ្ឋ និងឯកជន ពិសេសគ្រឹះស្ថានសិក្សា សាកលវិទ្យាល័យនានា ត្រូវរៀបចំឲ្យនិសិ្សតមានឱកាសធ្វើដំណើរទស្សនកិច្ចភ្ជាប់ជាមួយទេសចរណ៍ និងការអប់រំ ដើម្បីឲ្យពួកគេបានស្គាល់ និងបានឃើញជាក់ស្តែងពីតំបន់ទេសចរណ៍ក្នុងស្រុកឲ្យបានច្រើន ឲ្យពួកគេបានឃើញពីសមិទ្ធផលដែលលូតលាស់ចេញឫសគល់នៃសន្តិភាព និងជំរុញការផ្សព្វផ្សាយបន្តទៅមជ្ឈដ្ឋានខាងក្រៅឲ្យបានទូលំទូលាយ ពីព្រោះថា «បើស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី»។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចាប់ពីពេលនេះទៅ ត្រូវរួមគ្នាចូលរួមក្នុងចលនាប្រឡងប្រណាំង ដើម្បីបង្កើតភាពស្អាត និងបៃតងដល់ទឹកដី ពិសេសគួរនាំគ្នាបញ្ឈប់ការបោះសំរាមចោលក្រោមតុ នៅតាមភោជនីយដ្ឋានអាហារដ្ឋាននានា នៅទូទាំងប្រទេស។
ក្នុងឱកាសនៃវេទិកានេះ លោករដ្ឋមន្ត្រីក៏បានប្រគល់ជ័យលាភី «រង្វាន់យុវជនឆ្នើមវិស័យទេសចរណ៍» ឆ្នាំ២០១៧ លើកទី១ ក្នុងនោះរួមមាន៖
១៖ យុវជនឆ្នើមក្នុងការប្រកួតប្រជែងវីដេអូទេសចរណ៍ ឆ្នាំ២០១៧ «កម្ពុជាមាតុភូមិខ្ញុំ» បានទៅលោក ច័ន្ទ វាសនា មកពីក្រុម Cambodia Amazing Trip Planner។
២៖ អង្គភាពឆ្នើមក្នុងយុទ្ធនាការកម្ពុជាស្អាត ឆ្នាំ២០១៧ «Clean City Hero» បានទៅធនាគារឯកទេសអ៊ីអន។
៣៖ បុគ្គលឆ្នើមក្នុងយុទ្ធនាការកម្ពុជាស្អាត ឆ្នាំ២០១៧ «Clean City Hero» បានទៅលោក លូ ម៉េង មកពីក្រុមហ៊ុនអលមិនគ្រុប។
៤៖ យុវជនឆ្នើមផ្នែកស្ថាបត្យកម្មក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧ «ស្ថាបត្យកម្មផ្នែកខាងក្នុងនៃផ្ទះស្នាក់កម្ពុជា» បានទៅនិសិ្សត សុខ សូនីតា និងនិសិ្សត នេត ស្រីម៉ិច មកពីសាកលវិទ្យាល័យន័រតុន។
៥៖ យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្នាំ២០១៧ «ផ្នែកគេហកិច្ច៖ លើវិញ្ញាសាររៀបចំគ្រែ» បានទៅលោក អ៊ីម ឆលីហៀង មកពីសាកលវិទ្យាល័យអាស៊ីអ៊ីរ៉ុប
៦៖ យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ ឆ្នាំ២០១៧ «ផ្នែកអាហារ និងភេសជ្ជៈ៖ លើវិញ្ញាសារដើរប្រណាំងលើកភេសជ្ជៈ» បានទៅកញ្ញា វីរៈ សុគន្ធា មកពីអង្គការដើម្បីភាពញញឹមនៃកុមារ។
៧៖ យុវជនឆ្នើមផ្នែកជំនាញវិជ្ជាជីវៈទេសចរណ៍ឆ្នាំ២០១៧ «ផ្នែកអាហារ និងភេសជ្ជៈ៖ លើវិញ្ញាសារក្រឡុកស្រា និងភេសជ្ជៈ» បានទៅលោក សុវណ្ណ ដាវីដ មកពីសាលា Paul Dubrule។
លោករដ្ឋមន្ត្រី ថោង ខុន បានប្រកាសនូវសេចក្តីថ្លែងការណ៍រួមស្តីពី លទ្ធផលនៃវេទិកា និងបានផ្តល់អនុសាសន៍គន្លឹះចំនួន៤ រួមមាន៖
ទី១៖ ជំរុញការចូលរួមរបស់យុវជនកម្ពុជា ក្នុងចលនាទេសចរណ៍ក្នុងស្រុក និងការបញ្ជ្រាបការយល់ដឹងជាសាធារណៈក្នុងវិស័យទេសចរណ៍ ក្នុងនោះគាំទ្រឲ្យមានការបង្កើតបណ្ណដំណើរកម្សាន្តសម្រាប់សិស្ស-និសិ្សត កម្មករ-កម្មការនី កីឡាករ-កីឡាការនី និងមន្ត្រីរាជការ។
ទី២៖ គាំទ្រលើការចូលរួមរបស់យុវជនក្នុងសកម្មភាពស្ម័គ្រចិត្ត (Volunteering Tourism) និងការប្រឡងប្រណាំង «រង្វាន់យុវជនទេសចរណ៍ឆ្នើម» ប្រចាំឆ្នាំ។
ទី៣៖ គាំទ្រលើកម្មវិធីកម្មសិក្សា Internship ក្នុងវិស័យទេសចរណ៍។
ទី៤៖ គាំទ្រលើគំនិតផ្តួចផ្តើមកម្ចីនិសិ្សតក្នុងវិស័យទេសចរណ៍ និងគាំទ្រលើការដាក់ចេញនូវកម្មវិធីវិថីអភិវឌ្ឍជំនាញទេសចរណ៍យុវជនកម្ពុជា របស់ក្រសួងទេសចរណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ» ពិសេសជំរុញឲ្យយុវជនត្រៀមខ្លួនចូលរួមក្នុងកម្មវិធីហ្វឹកហាត់ការងារ (Apprentiship Program) ក្នុងវិស័យទេសចរណ៍។
សូមបញ្ជាក់ថា នៅឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរក្នុងស្រុកជាង ១០លាននាក់ កើនឡើង ១០% និងទេសចរអន្តរជាតិជាង ៥លាននាក់ កើនឡើង ៥% ដោយនាំមកនូវចំណូលប្រមាណ ៣៤០០លានដុល្លារ រួមចំណែកប្រមាណ ១៣% នៃផលិតផលក្នុងស្រុកសរុប (GDP)៕