(ភ្នំពេញ)៖ កម្លាំងនគរបាលការិយាល័យ «ក៣» នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលមូលដ្ឋាន នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដែលស្ថិតនៅក្នុងបន្ទប់ខុនដូរ​លេខ៥២ ផ្លូវលេខ៣៤៤បេ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ៤នាក់ និងថ្នាំមួយចំនួនផងដែរ។

ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង និងដឹកនាំបញ្ជាផ្ទាល់ពី​ លោកវរសេនីយ៍ទោ ទិត ចំរើន នាយការិយាល័យ «ក៣»។

អ្នកយកព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News នៅកន្លែងចុះបង្ក្រាបនោះបានបញ្ជាក់ថា ជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានសមត្ថកិច្ចដេញចាប់ រហូតពួកគេភ័យស្លន់ស្លោ ហើយបានបោះគ្រឿងញៀន ទៅលើដំបូលផ្ទះប្រជាពលរដ្ឋនៅក្បែរទីតាំងនោះផងដែរ រហូតធ្វើឲ្យម្ចាស់ផ្ទះមានអារម្មណ៍ភ័យខ្លាច ក៏ទូរស័ព្ទមកអង្គភាពព័ត៌មាន Fresh News ចុះទៅយកព័ត៌មានផង ដោយខ្លាចសមត្ថកិច្ចចោទប្រកាន់ និងយល់ច្រឡំមកលើរូបគាត់។

នៅពេលនេះជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចនាំយកទៅសួរនាំ នៅមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការបន្តទៀត៕