(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧នេះថា ជនរងគ្រោះដោយសារធាតុ ក្នុងគ្រាប់បែកគីមី របស់អាមេរិកចំនួន៣នាក់ ក្នុងភូមិតាវាំង ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង បានធូរស្បើយបន្តិចហើយ កំពុងសម្រាកព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យបង្អែកស្រុករមាសហែកនៅឡើយ មិនទាន់អនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញឡើយ។

ជនរងគ្រោះទាំង៣នាក់ ក្នុងចំណោម១០នាក់ ក្នុងនោះរួមមានស្ត្រីម្នាក់ និងក្មេងប្រុស២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ជាលើកទី២ កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីអាការៈជំងឺពុលសារធាតុគីមី ក្នុងគ្រាប់បែករើឡើងវិញ ក្រោយចេញពីមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ត្រឡប់ទៅផ្ទះវិញបានរយៈពេលខ្លីប៉ុណ្ណោះ។ ពួកគាត់បានកាយដីប៉ះគ្រាប់បែកគីមី ចំការដំឡូងមួយកន្លែង ក្នុងភូមិឋានរបស់ពួកគាត់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១១ ខែតុលានេះ បានថ្លែងដោយបញ្ជាឲ្យលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យ និងស្រាយជ្រាវពីបញ្ហាផលប៉ះពាល់ដល់សុខភាព របស់ប្រជាពលរដ្ឋឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដែលរស់នៅរាប់សិបឆ្នាំមកហើយ ជាមួយនឹងគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «សូមឲ្យឯកឧត្តម ម៉ម ប៊ុនហេង ខាងក្រសួងសុខាភិបាល ធ្វើការស្រាវជ្រាវនៅក្នុងតំបន់នោះ (ឃុំគគីរ)។ យើងទើបតែនឹងរកឃើញគ្រាប់បែកគីមី នៅខែមករា កន្លងទៅនេះទេ យើងបានរស់នៅជាមួយអាវុធគីមីនេះ រយៈពេលជាង៤០ឆ្នាំមកហើយ បើគិតតាំងពីពេលដែលគេទម្លាក់។ តើសុខភាពប្រជាពលរដ្ឋនៅតំបន់នេះ យ៉ាងម៉េច? កូនកើតឡើងវាយ៉ាងម៉េច ? ត្រូវស្រាវជ្រាវបញ្ហានេះ វាជាផលប៉ះពាល់មួយ ហើយអាវុធគីមីគឺជាអាវុធប្រល័យលោក ដែលគេបានប្រើនៅក្នុងកម្ពុជា»។

បើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក កេ ដា អគ្គលេខាធិការរងអាជ្ញាធរគីមីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់ Fresh Newe គិតត្រឹមរសៀលថ្ងៃទី១១ ខែតុលានេះថា មន្ត្រីជំនាញស៉ីម៉ាក់ និងអាជ្ញាធរគីមី បានរកឃើញគ្រាប់រហូតដល់១១ទីតាំងទៀត ក្នុងឃុំគគីរ ស្រុករមាសហែក ដែលអាចនឹងមានគ្រាប់បែក១៤គ្រាប់ ហើយមន្ត្រីជំនាញកំពុងបន្តប្រតិបត្តិការ ដើម្បីដោះគ្រាប់បែកគីមីទាំងនោះ៕